មេដឹកនាំជុំវិញពិភពលោកផ្ញើសារសាទរទៅលោក Biden ខណៈសារមួយចំនួនទៀត ហាក់ដូចជាវាយប្រហាររដ្ឋបាល Trump

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកប្រកាសថា លោក ចូ បៃដិន (Joe Biden) បានផ្ដួលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដោយទទួលបានអង្គបោះឆ្នោត ឬអ្នកបោះឆ្នោតតំណាង២៩០ ទល់នឹង ២១៤ មេដឹកនាំពិភពលោកជាច្រើន បានផ្ញើសារអបអរសាទរជ័យជំនះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកជាបណ្ដើរៗហើយ ខណៈដែលលោក ត្រាំ នៅមិនបានទទួលស្គាល់ជ័យជំនះរបស់លោក បៃដិន ឡើយ ហើយថានឹងតវ៉ាតាមផ្លូវច្បាប់ជាបន្ត។

លោក ចច ដាប៊ែលយូ ប៊ូស (George W Bush) អតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ដោយហៅលោកថាជា “បុរសល្អម្នាក់” ដែលទទួលបានឱកាសដើម្បីដឹកនាំ និងស្វែងរកឯកភាពជាតិសម្រាប់ប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្ត្រីការបរទេសកាណាដា លោក ហ្វ្រង់ស្វ័រ ហ្វីលីព សាំប៉ាញ (Francois-Philippe Champagne) បាននិយាយថា ជ័យជំនះរបស់លោកប្រធានាធិបតីអាមេរិកជាប់ឆ្នោត ចូ បៃដិន «គឺជាដំណឹងល្អ» សម្រាប់កាណាដា ដោយប្រទេសជាប់របងអាមេរិកមួយនេះរំពឹងថា នឹងមានការផ្ទេរអំណាចដោយរលូន ខណៈលោក ដូណាល់ ត្រាំ បានប្រកាសបដិសេធ និងសន្យាតវ៉ាជំទាស់លទ្ធផលបោះឆ្នោតតាមផ្លូវតុលាការ។

យោងតាមសារ Twitter របស់ប្រធានាធិបតីគុយប៉ា លោក មីហ្គែល ឌីយ៉ាស ខាណែល (Miguel Díaz-Canel) ដែលបានបង្ហោះនៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ (ពេលវេលានៅទីក្រុងឡាហាវ៉ាន់) បានបង្ហាញពីគោលជំហររបស់ ប្រទេសដីកោះការីបៀនមួយនេះ ចំពោះការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកយ៉ាងដូច្នេះថា “យើងទទួលស្គាល់ចំពោះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ពួកគេ។ ប្រជាជនអាមេរិកបានជ្រើសរើសគន្លងថ្មីមួយ ហើយយើងជឿជាក់លើលទ្ធភាព នៃទំនាក់ទំនងទ្វេភាគី ដែលមានលក្ខណៈស្ថាបនា និងចេះគោរពគ្នាទៅវិញទៅមក”។

ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយនៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកានេះថា រដ្ឋបាលអាមេរិកដែលនឹងឡើងមកបន្ទាប់ គួរតែប្រើឱកាសនេះដើម្បីកែប្រែ និងទូទាត់ចំពោះកំហុសទាំងឡាយដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសាងកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានស្រង់សំដីរបស់លោក Rouhani មកចុះផ្សាយយ៉ាងដូច្នេះថា គោលនយោបាយបំផ្លាញរបស់លោក ត្រាំ ត្រូវបានជំទាស់ដោយប្រជាជនអាមេរិក។ រដ្ឋបាលថ្មីរបស់អាមេរិក គួរតែប្រើប្រាស់ឱកាសនេះ ដើម្បីកែប្រែកំហុសមានកន្លងមក។

នៅព្រឹកថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សារព័ត៌មានរដ្ឋចិន Global Times បានចេញផ្សាយ ដោយរំលេចចេញនូវក្តីសង្ឃឹម និងសុទិដ្ឋិនិយមចំពោះអនាគតរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន។ សញ្ញាវិជ្ជមានជាច្រើនដែលនឹងកើតឡើងនោះ គឺទៅលើវិស័យពាណិជ្ជកម្ម ដែលបានធ្លាក់ក្នុងសភាពខ្មៅងងឹតបំផុត នៅក្នុងរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ហើយចិនក៏រំពឹងផងដែរថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំនៃបក្សប្រជាធិបតេយ្យ អាចនឹងឲ្យចិនស្រួលធ្វើការជាមួយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here