ដោយ : វត្ថា
ភ្នំពេញ : បើទោះបីជាខេត្តមណ្ឌលគិរីសម្បូរសត្វគ្រប់ប្រភេទរស់នៅ ច្រើនយ៉ាងណាក្តី ប៉ុន្ដែថ្មីៗនេះ វិស័យឯកជនបានបង្កើតសួនសត្វ ដើម្បីចិញ្ចឹមអំបូរសត្វព្រៃមួយចំនួនបន្ថែមទៀត ដើម្បីងាយ ស្រួលក្នុងការទស្សនាក៏ដូចជាចូលរួមអភិរក្សអំបូរសត្វព្រៃដែលខ្លះមាននៅសល់តិចតួច ក្នុងដែន ព្រៃការពារនោះ។
សួនសត្វមួយកន្លែងដែលមានទំហំផ្ទៃដីប្រមាណ១០ហិកតា បានបង្កើតឡើងរយៈពេលពីរ ឆ្នាំហើយ និងបានចិញ្ចឹមសត្វព្រៃប្រមាណ៥ប្រភេទ ដែលមានចំនួនរាប់រយក្បាលក្រោម ការជួយឧបត្ថម្ភគាំពារពីមូលនិធិ មយូរ៉ា ការពារសត្វព្រៃ ដើម្បីចូលរួមអភិរក្ស នឹងការពារពូជ សត្វព្រៃក្នុងខេត្តមណ្ឌលគិរី មានទីតាំងនាឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
អ្នកមើលថែសួនសត្វព្រៃនេះ លោក ហេង តូច បានឱ្យដឹងថា សួនសត្វនេះបាន បង្កើតឡើងជិត ពីរឆ្នាំមកហើយ ដោយបានចិញ្ចឹមសត្វព្រៃចំនួន៥ប្រភេទ លើទំហំផ្ទៃដី ១០ហិកតា ហើយមានអ្នកមើល ថែចំនួន៤នាក់។
លោកបានឱ្យដឹងទៀតថា សួនសត្វនេះបង្កើតឡើងដោយស្ថិតក្រោមការគ្រប់គ្រងរបស់ មូល និធិ មយូរ៉ា ការពារសត្វព្រៃ ដើម្បីចូលរួមអភិរក្ស និងការពារពូជសត្វព្រៃ ដែលកំពុងរងការ គំរាមកំហែងរាល់ថ្ងៃ ពីការ បាញ់សម្លាប់ ឬកត្តានានាដែលបណ្តាលឱ្យសត្វទាំងនេះឈាន ទៅរកភាពវិនាសផុតពូជ។ ទន្ទឹមនេះ ការចិញ្ចឹម នេះក៏សម្រាប់ទុកឱ្យប្រជាពលរដ្ឋ ជាពិសេស គឺក្មេងៗជំនាន់ក្រោយបានស្គាល់សត្វព្រៃដែលមានវត្តមាន នៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ សួនសត្វព្រៃខាងលើមានការចិញ្ចឹមប្រភេទសត្វខុសៗគ្នាដូចជាប្រើសមាន ចំនួន៥ក្បាល ប្រើសផ្កាយចំនួន៣០ក្បាល ក្តាន់ចំនួន៨ក្បាល ឈ្លូលចំនួន៣ក្បាល ជ្រូកព្រៃចំនួន ១០០ក្បាល ផងដែរ។