ដោយ ហ្សូលី
ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវ ៣៤ ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងអភិវឌ្ឍយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាសម្រេចបញ្ចប់គម្រោងឱ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ នេះបើតាមឱ្យដឹងតាមអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សម្រាប់ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ គឺមាន ៨ក្រុមហ៊ុន ដែលមកដល់ពេលនេះ ការចាក់បេតុងបានរួចរាល់ ១០០% និង កំពុងបន្តក្រាលខឿនថ្មក្រានីត ដោយការស្ថាបនា បានរួចរាល់ក្នុងរង្វង់ពីជាង ៧០%- ៩០%។
លោកបន្តថា ក្នុងនោះក៏មានអនុវត្តការងារកម្រាលថ្មក្រានីត បានជាង ៦០%-៩០%, បំពាក់អំពូលភ្លើង បានជាង ៦៩%-៩០%, បង្គោលភ្លើង បានជាង ៩០% – ១០០%, ដាំដើមឈើ បានជាង ២២% -៧០% និងលូរណបបានជាង ៨០%- ១០០%។
ក្រៅពីនេះ មានការបំពាក់កាមេរ៉ាសុវត្ថិភាព គូសគំនូសចរាចរណ៍ រៀបចំបន្ទប់អនាម័យនៅតាមតំបន់ឆ្នេរ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍ និងអនាម័យបរិស្ថានតំបន់ឆ្នេរឱ្យមានសោភ័ណភាព និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។
អ្នកនាំពាក្យរដ្ឋបាលខេត្ត សកម្មភាពក្រុមការងារស្ថាបនានៅតែបន្តដោយមិនមានការឈប់សម្រាកនោះឡើយ ហើយនៅក្នុងរង្វង់ខែធ្នូ ឆ្នាំ២០២០នេះ នឹងរៀបចំចាក់កៅស៊ូគ្រប់ផ្លូវទាំង ៣៤ ខ្សែ ដែលនឹងឱ្យរួចរាល់ នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២១ នាពេលខាងមុខនេះផងដែរ។
បច្ចុប្បន្ននេះ ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ដែលរាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកា ដើម្បីកែលម្អសោភ័ណភាព និងបរិស្ថានតំបន់ឆ្នេរក្រុងព្រះសីហនុ បាននិងកំពុងដំណើរការយ៉ាងមមាញឹក ទោះបីជាស្ថានភាព ជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល ហើយព្រះរាជាណាចក្រកម្ពុជាក៏ ជួបបញ្ហាជំងឺនេះក៏ដោយ៕






