ដោយ ៖ រ៉ាណេត
កែប ៖ អនុវត្តតាមផែនការយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការប្រែក្លាយខេត្តកែបឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញលំដាប់អន្តរជាតិ នៅក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកែបបានរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន តភ្ជាប់ទីតាំងសំខាន់ៗក្នុងខេត្ត ឱ្យកាន់តែងាយស្រួលសម្រាប់ការធ្វើដំណើរទាំងពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរ។

គណៈកម្មការរៀបចំគម្រោងខេត្ត ដែលដឹកនាំដោយលោក អ៊ុក ថា អភិបាលរងខេត្តកែប កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធចូលរួមការកំណត់ទំហំផ្លូវរកអ័ក្សផ្លូវ និងសម្របសម្រួលដោះស្រាយផលប៉ះពាល់តាមបណ្តោយផ្លូវ ដែលត្រូវអនុវត្តគម្រោងខេត្តក្នុងឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ផ្លូវដែលចាប់ផ្តើមសាងសង់នេះ ចាប់ពីចំណុចផ្លូវជាតិលេខ ៣៣ ឆ្ពោះទៅផ្លូវជាតិលេខ ៣៣ A ដែលមានប្រវែង ៣ ៦០០ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៣គឺភូមិកំពង់ត្រឡាច ភូមិដំណាក់ចង្អើរ និងភូមិថ្មី។ ផ្លូវនេះជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ដោយកែប្រែ និងពង្រីកផ្លូវពីប្រភេទក្រួសក្រហម មកជាផ្លូវកៅស៊ូប្រភេទ DBST ដោយមានទំហំ ១០ម៉ែត្រ។
គម្រោងអភិវឌ្ឍន៍ផ្លូវមួយខ្សែរនេះមានផលប៉ះពាល់ទ្រព្យសម្បត្តិមួយចំនួនរបស់ប្រជាពលរដ្ឋជាង ៦០គ្រួសារ។ ចំពោះផលប៉ះពាល់ផ្សេងៗ គណៈកម្មការរៀបចំគម្រោងរបស់ខេត្តបានសម្រុះសម្រួលជាមួយប្រជាពលរដ្ឋបណ្តើរៗក្រោមការចូលរួមសហការ និងឯកភាពពីប្រជាពលរដ្ឋ ព្រមទាំងសាទរក្នុងការស្ថាបនាផ្លូវមួយខ្សែនេះផងដែរ។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា “ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកសម្រាកកំសាន្តនៅខេត្តកែប ទីក្រុងទេសចរណ៍កាន់តែច្រើនថែមទៀត ខេត្តកែបមានសក្តានុពលសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ទាំងធនធានធម្មជាតិ លើគោក ធានធានធម្មជាតិក្នុងសមុទ្រ ឩទ្យាជាតិកែប កោះ ឆ្នេរ សមុទ្រ ស្អាតៗ ជាច្រើនកន្លែង ។
លោកបន្តថា ថ្នាក់ដឹកនាំខេត្តកែប បានកំណត់ចក្ខុវស័យរួចហើយថា ខេត្តកែប ជាតំបន់ទេសចរណ៍ សម្រាកលម្អែកំសាន្តប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕






