រដ្ឋបាលខេត្តកំពតត្រៀមថវិកាប្រមាណជាង ១៣ ពាន់លានរៀល អភិវឌ្ឍលើគម្រោងធំៗចំនួន ៣

0

ដោយ ហ្សូលី

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពតកំពុងរៀបចំថវិកាប្រមាណជាង ១៣ ពាន់លានរៀល សម្រាប់ការអភិវឌ្ឍលើគម្រោងធំៗចំនួន ៣។ នេះបើតាមឱ្យដឹងពីលោក ជាវ តាយ អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងអភិវឌ្ឍខេត្ត ដើម្បីពិភាក្សាអនុម័ត និងស្នើសុំអនុលោមភាព ទៅក្រសួងមហាផ្ទៃ សម្រាប់ធ្វើការអភិវឌ្ឍ។

គម្រោងអភិវឌ្ឍធំៗ មានចំនួន៣ ដោយត្រូវចំណាយថវិកាអស់ ប្រមាណ១៣ពាន់លានរៀល ដែលសិក្សារៀបចំគម្រោងដោយក្រុមការងារមន្ត្រីជំនាញបច្ចេកទេស គណៈកម្មការរៀបចំគម្រោង របស់រដ្ឋបាលខេត្តកំពត ដើម្បីអនុវត្តឱ្យបានឆាប់រហ័សនៅមុនដំណាច់ឆ្នាំ២០២០ ខាងមុខនេះ។

តាមលទ្ធផលនៃកិច្ចប្រជុំនេះ បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះ គឺសុទ្ធសឹងជាគម្រោង ការស្ថាបនា និងជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្លូវថ្នល់បេតុង សួនសាធារណៈ ការកែលម្អដាក់ប្រព័ន្ធលូតាមដងផ្លូវ ក្នុងសង្កាត់មួយចំនួននៃក្រុងកំពត និងនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ លោក ជាវ តាយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់មន្ត្រីជំនាញបច្ចេកទេស ក្នុងការសិក្សា ដើម្បីបានជាលទ្ធផលនៃគម្រោង សម្រាប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឲ្យមានការរីកចំរើនកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចសាធារណៈជនទូទៅផងដែរ។

ក្រោយពីគម្រោងនេះ បានអនុម័តក្នុងកិច្ចប្រជុំនេះរួចហើយ ត្រូវបន្តនីតិវិធីឱ្យបានត្រឹមត្រូវល្អ ដោយផ្អែកតាមគោលការណ៍ណែនាំ របស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាជំរុញការអនុវត្តឱ្យបានលឿនឆាប់រហ័ស ក្នុងការអភិវឌ្ឍគម្រោងទាំងនេះ ឱ្យបានបញ្ចប់នៅចុងឆ្នាំ២០២០ ខាងមុខ ឱ្យទទួលបានលទ្ធផលជោគជ័យ និងមានគុណភាពប្រសិទ្ធភាព។

គម្រោងទាំងនេះបន្ទាប់ពីអនុម័ត រដ្ឋបាលខេត្ត ត្រូវរៀបចំដាក់គម្រោងនេះ ស្នើសុំអនុលោមភាព ពីក្រសួងមហាផ្ទៃ ហើយពេលក្រសួងមហាផ្ទៃផ្ដល់អនុលោមភាព ទើបរដ្ឋបាលខេត្ត នឹងឈានដល់ការអនុវត្តតាមនីតិវិធីលទ្ធកម្ម របស់ខេត្ត ស្របតាមនីតិវិធីនៃលិខិតបទដ្ឋាន និងសៀវភៅណែនាំ ស្តីពីការរៀបចំគម្រោង រាជធានី-ខេត្ត របស់ក្រសួងមហាផ្ទៃ។

គម្រោងនេះទៀតសោត ត្រូវបានជ្រើសរើសចេញពីកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ខេត្ត ហើយថវិកាដែលបានវិភាជន៍ សម្រាប់គម្រោងនេះត្រូវបានរៀបចំក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ខេត្ត ដោយប្រើប្រាស់ថវិកាឥណទាន បំពេញបន្ថែមចុងឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here