គម្រោងរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅកម្ពុជាតម្លៃ ៦២០លានដុល្លារ ដំណាក់កាលទី១ ប្រកាសផ្អាកការសាងសង់

0

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅប្រទេសកម្ពុជាដំណាក់កាលទី ១ ដែលស្ថិតនៅខេត្តព្រះសីហនុ តម្លៃប្រមាណ ៦២០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់ឆ្នាំ ២០២២ បានប្រកាសថា ផ្អាកការសាងសង់បណ្តោះអាសន្ន ដោយសារជួបបញ្ហាហិរញ្ញវត្ថុ ។

អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ បានថ្លែងប្រាប់ថា ក្រុមហ៊ុន វិនិយោគលើរោងចក្រចម្រាញ់ប្រេងកាត បាននាំចូលដែកពោង ប្រេង និងសម្ភារៈផ្សងៗទៀតជាច្រើន នៅក្នុង ដំណើរការសាងសង់កន្លងមក។ ប៉ុន្តែមកដល់ពេលនេះគម្រោងនៃការសាងសង់រោងចក្រនោះ ត្រូវបានផ្អាក បណ្តោះអាសន្ន ដោយសារភាគីដៃគូវិនិយោគជួបបញ្ហាហិរញ្ញវត្ថុ ។

លោក ជៀប សួរ បន្តថា អំឡុងពេលនៃការផ្អាកសកម្មភាពសាងសង់ ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយដៃគូវិនិយោគផ្សេងទៀត ដើម្បីបន្តសាងសង់គម្រោងរោងចក្រនេះ។ ចំពោះដំណើរការជជែកពិភាក្សាការងារ ថ្មីនៃគម្រោងសាងសង់ឬក៏លទ្ធផលនៃការពិភាក្សា ក្រសួងរ៉ែ និងថាមពលមិនទាន់ទទួលបាន ព័ត៌មានលម្អិតនៅឡើយទេ ។

រោងចក្រចម្រាញ់ប្រេងកាតស្ថិតនៅខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៧ ដោយដំណាក់កាលទី ១ ទុនវិនិយោគក្នុងរង្វង់ ៦២០ លានដុល្លារ។ រោងចក្រនេះគឺជាការវិនិយោគរវាង ក្រុមហ៊ុនវិនិយោគក្នុងស្រុកគឺក្រុមហ៊ុន Cambodian Petrochemical Co.,Ltd និង ក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering Co.,Ltd មកពីប្រទេសចិន។

ចំណែកដំណាក់កាលទី២ នឹងត្រូវចាប់ផ្ដើមការសាងសង់ពីឆ្នាំ២០២២ ដោយប្រើទុនវិនិយោគចំនួន១ពាន់លានដុល្លារអាមេរិក និងមានសមត្ថភាពផលិតប្រេងកាតបាន៣លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។

ការប្រកាសផ្អាកដំណើរការសាងសង់ រោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រទេសនេះ ជួនចំពេលដែលតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិធ្លាក់ធ្លៃ ជាពិសេសការពន្យាពេលជាថ្មីម្តងទៀត ការបូមប្រេងឆៅក្នុង ដែនសមុទ្រកម្ពុជា ដោយក្រុមហ៊ុន KrisEnergy បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាពន្យាពេលបួនខែបន្តទៀត ចាប់ចុងឆ្នាំ ២០២០ ដល់ ខែមេសា ឆ្នាំ ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here