សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមានរៀបពិធីអាពាហ៍ពិពាហ៍ និងដំណើរការអាជីវកម្មដែលបានផ្អាកមួយចំនួនឡើងវិញ

0

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ក្រោយការធ្វើតេស្តរកមេរោគជំងឺកូវីដ១៩ ទៅលើអ្នកពាក់ព័ន្ធ ១៤២២ ទទួលបានលទ្ធផលអវិជ្ជមាន សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ បើកសាលារៀន, បើកពហុកីឡដ្ឋានជាតិអូរឡាំពិក, បើកសារមន្ទីរ និងរោងភាពយន្តឡើងវិញហើយ តែត្រូវប្រកាន់ខ្ជាប់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩។

តាមរយៈការផ្ញើសារជាសម្លេង នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានណែនាំទៅដល់អជ្ញាធរពាក់ព័ន្ធថា “ខ្ញុំសូមស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ស្រុក ឃុំ សង្កាត់ ដែលមានការរៀបអាពាហ៍ពិពាហ៍ គឺអនុញ្ញាតឱ្យបងប្អូនរៀបការទៅ។ 

ជាទម្លាប់ប្រពៃណីខ្មែររបស់យើងចាប់ពីខែនេះ រហូតដល់ចូលវស្សា ជាពិសេសរដូវរំហើយនេះ មានរៀបអាពាហ៍ពិពាហ៍។ ដូច្នេះសូមសម្រួលឱ្យមានការរៀបអាពាហ៍ពិពាហ៍ គ្រាន់តែឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងនឹងការអនាម័យ ទាក់ទងនឹងអ្វីជាតម្រូវការការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ”។

សម្តេចតេជោ បានបន្ថែមថា “ប្រយ័ត្ននៅតែប្រយ័ត្ន ក៏ប៉ុន្តែយើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីរំលឹកឱ្យបងប្អូនជានិច្ចកាលឱ្យមានការប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម។ នេះជាតម្រូវការរបស់ប្រជាជនយើង ដែលត្រូវការរៀបការ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here