លោកស៊ី ជិនពីង៖ ចិនគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ផ្លាស់ប្តូរពាណិជ្ជកម្មសេរី

0

ដោយ៖ ប៊ី
អន្តរជាតិ៖ លោកស៊ី ជិនពីង ប្រធានាធិបតីចិន លើកឡើងថា សេដ្ឋកិច្ចដ៏ធំសម្បើមរបស់ចិនគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ផ្លាស់ប្តូរពាណិជ្ជកម្មសេរី ហើយលោកក៏បានព្រមានប្រឆាំងនឹង គំនិតគាំពារនិយម ដែលបានបង្កបញ្ហាដល់សេដ្ឋកិច្ចសកលលោក។

លោក ស៊ី ជិនពីង បានលើកឡើងដូច្នេះ នៅក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) រៀបចំឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ស៊ី ជិនពីង បានថ្លែងនៅក្នុងសុន្ទរកថារបស់ថា ចិននឹងបើកចំហទីផ្សារ ហើយកាត់បន្ថយពន្ធ ក៏ដូចជាគាំទ្រប្រព័ន្ធសកលភាវូនីយកម្ម និងពហុភាគីនិយម។

លោកប្រធានាធិបតីចិនរូបនេះ បានអះអាងថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាកម្លាំងចលករឈានមុខគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសនោះគឺ COVID-19 តែម្ដង។
ដោយសារតែការឆ្លងរាតត្បាត COVID-19 កិច្ចប្រជុំកំពូល APEC ក្នុងឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ។

ប្រទេសចំនួន ២១ ស្ថិតនៅជាប់ឆ្នេរនៃតំបន់ប៉ាស៊ីហ្វិក បូករួមទាំងសហរដ្ឋអាមេរិក និងចិន តំណាង ៦០ភាគរយនៃ GDP សកល។ ទោះជាយ៉ាងណាគេមិនទាន់ប្រាកដថា តើលោក ដូណាល់ ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដោយផ្ទាល់ ឬក៏បញ្ជូនមន្ត្រីជាន់ខ្ពស់របស់លោកណាម្នាក់ ឲ្យចូលរួមជំនួសលោកឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here