ដោយ វឌ្ឈនា
ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតរបស់ខ្លួន បានប្រកាសពីការផ្តល់ចំនួយប្រមាណ៧០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា។

ស្ថានទូតអូស្ត្រាលីឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ផ្អែកលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់នៅក្នុងកម្ពុជា អូស្ត្រាលី នឹងផ្តល់ជំនួយ ចំនួន៧០លានដុល្លារបន្ថែមទៀត ដើម្បីជួយរៀបចំផែនការរចនានិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់អាស៊ាន។
ស្ថានទូបន្តថាជំនួយនេះនឹងជួយប្រទេសកម្ពុជា អភិវឌ្ឍគម្រោងដែលខ្លួនត្រូវការ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឱ្យប្រសើរឡើង នូវការទទួលបានសេវាកម្ម សម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈផ្លូវថ្នល់ល្អប្រសើរ ទឹកស្អាត ថាមពលអាចទុកចិត្តបាននិងមាននិរន្តរភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលអាចដំណើរការបាន។
ស្ថានទូតបញ្ជាក់ទៀតថា ជាមួយអាស៊ានអូស្ត្រាលីប្តេជ្ញាចិត្ត ចំពោះតំបន់ដែលធន់និងមានបរិយាបន្ន។ ក្រៅពីនេះ ចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ ២០១៩ កន្លងមកនេះ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ក៏បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ១០៣៩លានដុល្លារអាមេរិក ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ គឺកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល និងអភិបាលកិច្ច។

រដ្ឋាភិបាលអូស្ត្រាលី បច្ចុប្បន្នបាននិងកំពុងអនុវត្តគម្រោង/ កម្មវិធីសំខាន់ៗចំនួន៩ ដើម្បីចូលរួមអភិវឌ្ឍសេដ្កកិច្ចសង្គមនៅកម្ពុជា ដែលមានទំហំថវិកាចំនួនជាង២៥៧លានដុល្លារ៕






