ការសាងសង់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី សម្រេចបាន១៥ភាគរយហើយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលស្ថិតនៅក្នុងខេត្តកណ្តាល កំពុងតែបន្តសកម្មភាពយ៉ាងមមាញឹកក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងគម្រោង រួមជាមួយនឹងការចាក់ដីបំពេញ ដែលរហូតមកដល់ពេលនេះសម្រេចបានលទ្ធផលប្រមាណ១៥ភាគរយនៃគម្រោងសរុបទាំងមូល។

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិកាអាកាសចរស៊ីវិលបានមានប្រសាសន៍ប្រាប់គេហទំព័រPpropertyarea.asia នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា គិតត្រឹមចុងខែវិច្ឆិកានេះ លទ្ធផលនៃការសាងសង់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មីសម្រេចបានប្រមាណ១៥ភាគរយ ដែលតាមការប៉ាន់ស្មានអាចនឹងចប់សព្វគ្រប់តាមផែនការដែលមានកំណត់ក្នុងឆ្នាំ២០២៣ខាងមុខនេះ។

លោកបានបញ្ជាក់ថា “កាលពីប៉ុន្មានថ្ងៃមុនមានការអាក់ខានបន្តិចដោយសារតែជំនន់ទឹកភ្លៀង ប៉ុន្តែវាមិនមែនជាឧបសគ្គធំនោះទេ ព្រោះពេលនេះពួកគាត់កំពុងតែបន្តសកម្មភាព ដែលវាមិនមានអីរាំងស្ទះ ឬយឺតយ៉ាវនោះទេ ពួកគាត់កំពុងតែមមាញឹកក្នុងការសាងសង់ ទៅតាមផ្នែករបស់ពួកគាត់ផ្សេងគ្នា”។ លោកបន្តថា “នៅក្នុងសាងសង់នេះ មានការបែងចែកផ្នែកផ្សេងៗគ្នា ដោយផ្នែកខ្លះធ្វើបានច្រើន ហើយផ្នែកខ្លះទៀតធ្វើបានតិច ប៉ុន្តែជារួមខ្ញុំបូកសរុបជាលទ្ធផលឃើញថាវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងទាំងមូលសម្រេចបានលទ្ធផលប្រមាណ១៥ភាគរយ”។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានសាង់សង់លើផ្ទៃដីទំហំ ២៦០០ ហិកតា ស្ថិតនៅខេត្តកណ្តាល និងតាកែវ។ ទំហំដីនៅខេត្តកណ្ដាល ២២២៧ ក្បាលដី = ២៤៤១ ហិកតា និងខេត្តតាកែវ ៣៦០ ក្បាលដី = ១៥៨ ហិកតា ជាមួយនឹងទុនវិនិយោគ ១៥០០លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣។

ពាក់ព័ន្ធទៅនឹងផលប៉ះពាល់នៃគម្រោង រដ្ឋបាលខេត្តកណ្តាល បានដោះស្រាយបញ្ហាសំណង់មិនរៀបរយជាមួយប្រជាពលរដ្ឋនៅក្នុងដីព្រលានសរុប ១៧៦ គ្រួសារ ក្នុងនោះ ១១គ្រួសារ ទទួលប្រាក់គោលនយោបាយ ២០០០$ក្នុង១គ្រួសារ និង១៦៥ គ្រួសារទៀត ទទួលយកការដោះដូរដីទៅកន្លែងផ្សេងសម្រាប់សង់លំនៅដ្ឋានរស់នៅ ដោយរាល់ការដោះស្រាយផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះនៅក្នុងខេត្តកណ្តាល ឈរលើការយោគយល់ និង ដោះស្រាយដោយសន្តិវិធី ដោយពុំឱ្យប្រជាពលរដ្ឋរូបណាម្នាក់ពិបាកនោះទេ។

ព្រលានយន្តហោះថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះ នឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ដែលប្រើប្រាស់ទុនវិនិយោគសរុប ១,៥០០ លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់លោកឧកញ៉ា ពុង ខៀវសែ ។ អាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់នៅក្នុងឆ្នាំ២០២៣ ហើយ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង៥០លាននាក់នៅក្នុងឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here