ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ រដ្ឋាភិបាលចិនបានសម្រេចផ្តល់នូវសម្ភារៈបរិក្ខាអគ្គិសនីជាច្រើនពាន់គ្រៅងសម្រាប់ដាក់បំភ្លឺនៅតាមផ្លូវ និងទីសាធារណៈនានាក្នុងក្រុងព្រះសីហនុ និងអាចមានលទ្ធភាពក្នុងកាត់បន្ថយការប្រើប្រាស់ថាមពើអគ្គិសនី និងជួយការពារបរិស្ថានក្រុងប្រកបដោយនិរន្តរភាព។
តាមរយៈសេចក្តីរាយការណ៍របស់មន្រ្តីទទួលបន្ទុកកិច្ចការក្នុងក្រសួងបរិស្ថាននៃកម្ពុជានៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០បានបង្ហាញថា រដ្ឋាភិបាលចិនដែលមានមិត្តដែកថែមជាមួយកម្ពុជា បានដឹកជញ្ជូននូវគ្រឿងបរិក្ខារដើរដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) មួយចំនួនធំ ដែលជាអំណោយជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងបានមកដល់កំពង់ផែក្រុងព្រះសីហនុតាំងពីថ្ងៃទី២២ ខែវិច្ឆិកា ចុងសប្ដាហ៍កន្លងទៅនេះ។
នៅក្នុងសេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ថា សម្ភារៈបរិក្ខារទាំងនេះរួមមានដូចជាអំពូលសូឡាចំនួន ២៨០០អំពូល ផ្ទាំងកញ្ចក់សូឡាចំនួន២០០ផ្ទាំង និងម៉ូតូអាគុយចំនួន២០០គ្រឿង។ បរិក្ខារទាំងនេះនឹងត្រូវបានប្រើ និងដំឡើងនៅតាមទីសាធារណៈនៃខេត្តព្រះសីហនុ ដូចជាសាលារៀន សួនច្បារជាដើម ក្នុងគោលបំណងជួយកាត់បន្ថយការបំភាយសារធាតុកាបូន បង្កើនការយល់ដឹងជាសាធារណៈស្តីអំពីការការពារបរិស្ថាន និងការកសាងទីក្រុងប្រកបដោយនិរន្តរភាព ស្អាត និងបរិស្ថានបៃតង។
គិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ សមិទ្ធផលនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុងព្រះសីហនុ ដែលវិនិយោគដោយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនសោភ័ណភាព និងលើកកម្ពស់ក្រុងក្នុងនាមជាគោលដៅទេសចរណ៍កម្រិតខ្ពស់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ដែលជាប៉ូលសេដ្ឋកិច្ចពិសេសប្រចាំប្រទេសនោះ សម្រេចបានជាង៩០ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ។
នៅក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ស្តីពីការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលការងារចាក់បេតុងផ្លូវសម្រេចបាន ១០០ភាគរយ , ការងារដាក់លូតាមផ្លូវ ១០០ភាគរយ, ការងាររៀបចំប្រព័ន្ធលូរណប ៩២,៨១ភាគរយ , ការងាររៀបខឿនក្រានីត ៩០,២៧ភាគរយ, ការងាររៀបចំកម្រាលក្រានីត ៧៥,០៥ភាគរយ, ការងារដំឡើងបង្គោលភ្លើង តាមដងផ្លូវ ៩៨,០៥ភាគរយ, ការងារបំពាក់អំពូលភ្លើង តាមដងផ្លូវ ៩១,២៥ភាគរយ និងការងារដាំដើមឈើ ៦០,០៩ភាគរយ៕






