ប្រមុខដឹកនាំ៖ កម្ពុជា-វៀតណាមនឹងជម្រុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេរទិសរវាងប្រទេសទាំងពីរ

0

ដោយ ៖ ហ្សូលី

ភ្នំពេញ៖ កម្ពុជា-វៀតណាម នឹងខិតខំជម្រុញទំហំពាណិជ្ជកម្ម រួមទាំងការវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក ប្រមុខដឹកនាំវៀតណាម នៅក្នុងជំនួបតាមរយៈប្រព័ន្ធវីដេអូអនឡាញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរចំពោះលទ្ធផលប្រកបដោយជោគជ័យនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP ដោយសម្តេចឯកភាពទៅនឹងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការមានស្រាប់កាន់តែស៊ីជម្រៅ និងស្ថិតស្ថេរយូរអង្វែង។

លោក ង្វៀន សួនហ្វ៊ុក បានកោតសរសើរកម្ពុជាក្នុងការថែរក្សាស្ថិរភាពសេដ្ឋកិច្ច និងសង្គមអំឡុងការរិករាលដាលនៃវិបត្តិជំងឺសកល។ កម្ពុជានិងវៀតណាម នឹងពន្លឿនការដោះស្រាយខ្សែព្រំដែននៅសេសសល់ចំនួន ១៦ ភាគរយ ក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនមានកិច្ចសហប្រិបត្តិកា ការអភិវឌ្ឍ សន្តិភាព និងមានស្ថិរភាព។

ប្រមុខដឹកនាំប្រទេសទាំងពីរបានសង្កត់ធ្ងន់នូវក្នុងការជម្រុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ការអនុវត្តវិធានការដោះស្រាយបញ្ហានានាតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ឱ្យបានទាន់ពេលវេលា។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពី សារសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី ១៨ គ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីទាំងពីរប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគាំទ្រគ្នា ទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងពហុភាគីដូចជា អនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ ។

កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ក្នុងបរិយាកាសស្និទ្ធសា្នលបំផុតឆ្លុះបញ្ចាំងពីសាមគ្គីភាពជាភាតរភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here