ដោយ ហ្សូលី
ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ ៥ នៅតែបន្តការកែលម្អតាមផែនការ ទោះបីជាមានការរាំងស្ទះដល់វិបត្តិកូវីដ១៩ក្តី ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៥០០លានដុល្លារ នឹងគ្រោងបញ្ចប់ការសាងសង់អំឡុងឆ្នាំ ២០២៣។

លោក ហ៊ាង សុទ្ធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការនឹងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា គម្រោងកែលម្អផ្លូវជាតិលេខ ៥ នេះ នឹងធ្វើឱ្យប្រសើរនូវចម្ងាយផ្លូវប្រមាណ ៣៦៦ គីឡូម៉ែត្រ ដែលបែងចែកចេញជា ៣ ដំណាក់កាលធំៗ គ្រោងនឹងរួចរាល់នៅឆ្នាំ ២០២៣ និងត្រូវចំណាយថវិកាសរុប ៥០០លានដុល្លារអាមេរិក។
លោកបន្តថា តំណាក់កាលបែងចែកចំនួន ៣ ធំៗនោះមានដូចជា តំបន់ភាគខាងជើង តំបន់កណ្តាល និងតំបន់ភាគខាងត្បូង។ សម្រាប់តំបន់ភាគខាងជើងត្រូវបែកចែកជា ២ផ្នែកផ្សេងទៀត ដែលផ្នែកទី ១ សម្រេចបានប្រមាណ ៨២ ភាគរយ និងផ្នែកទី ២ សម្រេចបាន ៨៦ ភាគរយហើយ លើចម្ងាយផ្លូវ ៨៤ គីឡូម៉ែត្រ លាតសន្ធឹងលើខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
អ្នកនាំពាក្យរូបនេះបន្តថា ចំណែកតំបន់ផ្នែកខាងត្បូងចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ មានប្រវែងសរុបជាង ១៣៥ គីឡូម៉ែត្រ កំពុងស្ថិតនៅក្នុងដំណាក់កាលកែលម្អយ៉ាងសកម្ម រីឯតំបន់កណ្តាលវិញចាប់ពីធ្លាម្អម ខេត្តពោធិ៍សាត់ ដល់ខេត្តបាត់ដំបងវិញ មានប្រវែងសរុប ១៤៦ គីឡូម៉ែត្រ ក៏ស្ថិតនៅក្នុងតំណាក់កាលកែលម្អដែរ គ្រាន់តែដំណើរការយឺតជាងគេបន្តិច។

គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ ៥ ឬហៅថាផ្លូវអាស៊ានហាយវេលេខ ១ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ លាតសន្ធឹងក្នុងខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ដោយចាប់ពីរាជធានីភ្នំពេញគឺជាគម្រោងក្រោមឥណទាន សម្បទានរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។
ផ្លូវនេះត្រូវពង្រីកលើផ្លូវដែលមានស្រាប់ចំនួន ២ គន្លង ទៅជា ៤គន្លង មានទទឺង ២៣ ម៉ែត្រជាប្រភេទផ្លូវកៅស៊ូ AC និងមានសួនច្បារចំកណ្តាល ដែលត្រូវចំណាយរយៈពេលសាងសង់ចំនួន ៤៨ ខែ ពោលគឺនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣៕






