សម្ដេចតេជោៈ ឆ្នាំ២០២១ចំណូលកម្ពុជានឹងមានសន្ទុះឡើងវិញ

0

ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា នៅក្នុងឆ្នាំ២០២១ខាងមុខនេះ ចំណូលរបស់កម្ពុជានឹងមានសន្ទុះឡើងវិញ បើទោះជាចំណូលសម្រាប់ឆ្នាំ២០២០ មានការធ្លាក់ចុះមិនគ្រប់តាមផែនការ ដែលបានកំណត់ដោយសារបញ្ហានៃវិបត្តិជំងឺ Covid-19 ដែលបាននិងកំពុងបន្តគំរាមកំហែងក៏ដោយ។
សម្ដេចតេជោហ៊ុន សែន បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ “មេធាវីស្ម័គ្រចិត្តសម្ដេចតេជោ” នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា នៅឆ្នាំ២០២១ខាងមុខនេះ ចំណូលរបស់ប្រទេសកម្ពុជា នឹងមានសន្ទុះឡើងវិញជាមិនខាន បើទោះជាបច្ចុប្បន្នចំណូលត្រូវបានធ្លាក់ចុះបន្តិចខុសពីផែនការដែលកំណត់។
សម្ដេចតេជោបន្តថា “ ខ្ញុំគិតថាសន្ទុះនៅឆ្នាំ២០២១នឹងមានឡើងវិញ…ឆ្នាំនេះបើទោះបីជាចំណូលត្រូវមានការបាត់បង់ ក៏ប៉ុន្តែមកដល់ពេលនេះ ចំណូលដែលយើងទទួលបានគឺមានប្រមាណ៤៥០០លានដុល្លារ។ ចំណូលដែលយើងទទួលបាន បើទោះបីវាមិនគ្រប់ផែនការ ក៏ប៉ុន្តែចំណូលដែលយើងទទួលបាប្រមាណ៤៥០០លានដុល្លាររួចស្រេចទៅហើយ”។ សម្តេចបន្តថា “ក្នុងនោះចំណែកបាន មកពីពន្ធដារមានលើស២៥០០លាន ចំណែកចំណូលទទួលបានមកពីគយ បានសម្រេចបានប្រមាណ២១០០លាន។ ចឹងវាអាចទៅគៀក ជាមួយនឹងផែនការប្រមូលចំណូលឲ្យបាន៥០០០លានដុល្លារ នៅឆ្នាំនេះនៃចំណូលថវិកាចរន្ត”។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា សាច់ប្រាក់ដែលយើងសល់សន្សំ យើងបានយកចំណាយក្នុងចំនួនតិចតួច។ ឥឡូវក៏នៅបន្តឱ្យយើងនៅសល់ក្នុងដៃ ប្រមាណ៣០០០លានដុល្លារ ដូច្នេះបានជាយើងហ៊ានជួយមិត្តភក្ដិនៅមីយ៉ាន់ម៉ា ហើយមិនចាំបាច់ឱ្យមិត្តភក្ដិព្រួយបារម្ភទេ យើងដឹកតាមជើងយន្តហោះពិសេសជូនទៅ ដោយក្រុមហ៊ុនយន្តហោះមិនយកថ្លៃឈ្នួលទៀត គេចូលរួមក្នុងសកម្មភាពមនុស្សធម៌។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណក្រុមហ៊ុនយន្តហោះដែលបានជួយដឹកជញ្ជូនសម្ភារៈ ម៉ាស ក្នុងការចូលរួមជាសកម្មភាពមនុស្សធម៌ ក៏ដូចជាថ្លែងអំណរគុណ ដល់បណ្តាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបណ្តាសប្បុរសជននានាដែលបានចូលរួមបរិច្ចាកថវិកា និងធនធានផ្ទាល់ខ្លួនក្នុងការរួមចំណែកជួយស ង្គ្រោះនៅក្នុងវិបត្តិជំងឺ Covid-19 ក៏ដូចជា វិបត្តិនៃគ្រោះទឹកជំនន់កាលពីពេលកន្លងទៅថ្មីៗនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here