រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មៈកម្ពុជានឹងក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថលនាពេលអនាគត

0

ដោយ ហ្សូលី

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានថ្លែងថា កម្ពុជានឹងក្លាយទៅជាសេដ្ឋកិច្ចឌីជីថលនាពេលអនាគត ក៏ដូចជា រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការវិវត្តន៍ទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោកបានថ្លែងបែបនេះ នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Strategy) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះថា កម្ពុជានឹងក្លាយទៅជាសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ ក្នុងបរិបទបដិវត្តន៍ឧស្សា​ហកម្ម៤.០, បច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម លើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបន្តថា “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងក្លាយជាផ្នែកមានសក្តានុពលខ្ពស់ នឹងបង្កើតជាប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា”។ លោកបានបន្តថា “វិស័យនេះ ជាវិស័យថ្មីទើបនឹងលេចឡើង ប៉ុន្តែជាវិស័យប្រកបដោយសក្តានុពលខ្ពស់ ក្នុងការបង្កើតប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា”។

លោកបន្ថែមថា ទោះជាយ៉ាងនេះក្ដី ក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ និងត្រូវបានសិក្សាវិភាគយ៉ាងល្អិតល្អន់ នៅក្នុងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ទន្ទឹមនេះត្រូវដាក់ចេញនូវអនុសាសន៍ និងផែនការសកម្មភាព  ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផងដែរ។

ជាមួយនោះផងដែរ ក្នុងពេលបច្ចុប្បន្ន ជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតទូទាំងពិភពលោក និងប៉ះពាល់ដល់អាយុជីវិតមនុស្ស ព្រមទាំងរាំងស្ទះដល់សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្នុងបរិបទនេះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្តល់ជាគំរូអាជីវកម្មថ្មីមួយប្រកបដោយប្រសិទ្ធិភាព និងភាពប្រកួតប្រជែងខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលសមស្របទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថល និងលក្ខខណ្ឌតម្រូវការទីផ្សារក្នុងស្ថានភាពកូវីដ-១៩ និងក្រោយជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here