ដោយ ហ្សូលី
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA នឹងបើកជើងហោះហើរសារជាថ្មីមកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តំបន់មួយចំនួនអាស៊ី អ៉ឺរ៉ុប និងអាមេរិកខាងជើងនៅខែក្រោយ បន្ទាប់ពីផ្អាកជើងហោះហើរដោយសារវិបត្តិជំងឺសកល។ នេះបើតាមឱ្យដឹងពីសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA។
ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងផ្លាស់ប្តូរប្រេកង់ហោះហើររបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីជ្រើសរើសទីក្រុងនានានៅអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង ដោយផ្អែកលើការផ្លាស់ប្តូរគោលការណ៍ណែនាំស្តីពីអន្តោប្រវេសន៍។ ក្រុមហ៊ុននឹងបង្កើតនូវវិធានការដាច់ដោយឡែកពីសុខភាពសាធារណៈ និងតម្រូវការអ្នកដំណើរក្រុមហ៊ុនបានកែសម្រួលកាលវិភាគហោះហើររបស់ខ្លួន ចាប់ពីខែធ្នូដល់ខែមករា។
ក្រុមហ៊ុន ANA នឹងបន្តត្រួតពិនិត្យការរឹតបន្តឹងរបស់ជនអន្តោប្រវេសន៍ក្នុងស្រុក និងគោលការណ៍ណែនាំដាច់ដោយឡែកក៏ដូចជានិន្នាការតម្រូវការនិងលទ្ធភាពធ្វើដំណើរ។ លើសពីនេះទៀត ANA នឹងប្រកាន់ខ្ជាប់នូវស្តង់ដារផ្តល់នូវបរិស្ថានស្អាតនិងអនាម័យនៅតាមអាកាសយានដ្ឋាន និងនៅលើយន្តហោះ ដើម្បីឱ្យអតិថិជនអាចធ្វើដំណើរដោយសុវត្ថិភាពនិងមានផាសុខភាព។
ក្រុមហ៊ុន ANA Holdings កាលពីពេលកន្លងទៅនេះ បានប្រកាសពីការខាតបង់លុយសុទ្ធចំនួន ១០៨,៨ ពាន់លានយ៉េននៅក្នុងលទ្ធផលហិរញ្ញវត្ថុរួមរបស់ខ្លួននៅ ក្នុងអំឡុងពេលខែមេសា-មិថុនាឆ្នាំនេះ។
ដោយចំណាយថវិកាប្រមាណ ៦០ ពាន់លានយ៉េនក្នុងមួយខែ ដោយសារថ្លៃដើមពលកម្ម និងថ្លៃដើមថែទាំ ក្រុមហ៊ុនបានពិភាក្សាជាមួយស្ថាប័នហិរញ្ញវត្ថុ រួមមានធនាគារអភិវឌ្ឍន៍ជប៉ុន ដែលគាំទ្រដោយរដ្ឋាភិបាលក្រុមហ៊ុន MUFG Bank Ltd ក្រុមហ៊ុន Sumitomo Mitsui Banking Corp និងក្រុមហ៊ុន Mizuho Bank Ltd ដើម្បីប្រមូលថវិកាប្រមាណ ៥០០ ពាន់លានយ៉េនក្នុងការផ្តល់មូលនិធិ៕






