សភាពាណិជ្ជកម្មកម្ពុជាៈ SMEរួមចំណែកប្រមាណ៧០ភាគរយផ្តល់ការងារ ជូនប្រជាពលរដ្ឋកម្ពុជា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជាបានធ្វើការអះអាងថា តាមរយៈសហគ្រាសធុនតូច និងមធ្យម ដែលកំពុងតែមានភាពផុយស្រួយ និងប្រឈមទៅនឹងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចនៅពេល បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ៧០ភាគរយ ជាពិសេសប្រជាជនដែលងាយរងគ្រោះ។

លោកឧកញ៉ាងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះ ជំងឺ Covid-19 បានធ្វើ   ឱ្យសេដ្ឋកិច្ចនៅទូទាំងពិភពលោក ធ្លាក់ចុះយ៉ាងគំហុក ហើយសកម្មភាពធុរកិច្ច និងអាជីវកម្មជាច្រើនត្រូវបានបិទ និងកំពុងប្រឈមហានិភ័យជាបន្តទៀត។

នៅក្នុងនោះ សហគ្រាសធុនតូច និងមធ្យម គឺជាប្រភេទធុរកិច្ច ដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។

លោកឧកញ៉ាបានបន្តថា “ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ឱ្យត្រឡប់មកជាប្រក្រតីភាពតាមគន្លងថ្មីវិញ ចាំបាច់ត្រូវផ្ដល់ការគាំទ្រ និងការយកចិត្តដាក់ ជាពិសេសដល់សហគ្រាសធុនតូច និងមធ្យម”។លោកបន្តថា “សហគ្រាសធុនតូចនិងមធ្យម ជាកម្លាំងចលករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្រា​ប់កម្ពុជា សហគ្រាស ធុនតូច និងមធ្យម បានចូលរួមចំណែកប្រមាណ ៧០% ក្នុងការផ្ដល់ការងារដល់ប្រជាជន”។

ជាមួយគ្នានេះ លោកឧកញ៉ា ងួន ម៉េងតិច បានជំរុញសហគ្រិនភាពទាំងអស់ត្រូវតែត្រៀមជាយុទ្ធសាស្ត្រ ក្នុងការពង្រឹងការប្រកួតប្រជែងរបស់ខ្លួន ក្រោយពីវិបត្តិជំងឺ Covid-19 ដោយផ្ដល់នូវគំនិតថ្មីៗ និងចំគោលដៅ ដោយផ្តោតលើប្រធានបទសំខាន់ៗ ដែលរួមមាន៖ ការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម ការបង្កើនភាពប្រកួតប្រជែង ការលើកទឹកចិត្តផ្នែកគយ និងប្រព័ន្ធភស្តុភារកម្មជាដើម។  ក្នុងនោះ ក៏មានការចែករំលែកអំពីវិធីសាស្ត្រគណនា និងកំណត់មុខទំនិញ ដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ ក្នុងទីផ្សារអន្តរជាតិ  រួមទាំងរបៀបប្រើប្រាស់គេហទំព័រTrademaps របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here