កម្ពុជា-វៀតណាម កំពុងធ្វើពិពិធកម្មលើវិស័យដឹកជញ្ជូនតាមព្រំដែនរួមគ្នា

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាន និងកំពុងធ្វើពិពិធកម្មលើវិស័យដឹកជញ្ជូននៅតាមព្រំដែនកម្ពុជា-វៀតណាម ជាពិសេសផ្លូវគោក ដើម្បីធ្វើយ៉ាងណាបង្កភាពងាយស្រួល និងជួយជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ឱ្យកាន់តែប្រសើរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជាសហប្រធានជាមួយភាគីវៀតណាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចពិភាក្សាលើបញ្ហាប្រឈម រួមជាមួយនឹងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនសំដៅឱ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា “កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា ៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព”។

ក្នុងន័យនេះ ភាគីកម្ពុជាបានស្នើទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ដោយភាគីវៀតណាមបានឆ្លើយតបថា ខ្លួនបាន និងកំពុងសិក្សាគម្រោងនេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ។

 

ជាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ។

ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាមក៏បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខ្លួនផងដែរ ដោយហេតុថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here