ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ រដ្ឋសភាអនុម័តលើគម្រោងចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង៣២ទ្រីលានរៀល ឬស្មើជាង៧.៩០០លានដុល្លារអាមេរិក ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលអនុវត្តការងារតាមផែនការគ្រោងទុក។

រដ្ឋសភាបានឯកភាពអនុម័តនូវគម្រោងកញ្ចប់ស្នើថវិការបស់រដ្ឋ ដែលបានកំណត់ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ប៉ុន្តែស្នើឱ្យមានការចាយវាយក្នុងកម្រិតរឹតត្បិតបំផុត សម្រាប់ប្រតិបត្តិការឆ្នាំ២០២១ខាងមុខ ខណៈក្នុងឆ្នាំ២០២០នេះ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា បាន និងកំពុងរងផលប៉ះពាល់នៃជំងឺរាតត្បាតជាសកល។
ឆ្លើយតបនឹងសំណើនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រសិទ្ធនាមថវិកាឆ្នាំ២០២១ថាជា «ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ចនិងជីវភាពប្រជាជន» ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញនៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។
លោកបានឱ្យដឹងថា សម្រាប់ឆ្នាំក្រោយនេះ រាជរដ្ឋាភិបាលបានស្នើបង្កើនគម្រោងកម្ចីហិរញ្ញប្បទានពីបរទេសសរុបប្រមាណជាង២០០០លានដុលារ ខណៈគម្រោងចំណាយថវិកាជាតិ ត្រូវបានប៉ាន់ប្រមាណក្នុងទឹកប្រាក់ជាង ៧.៩០០លានដុល្លារ ដើម្បីយកមកជួយស្តារសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឡើងវិញ។
រដ្ឋមន្ត្រីរូបនេះអះអាងថា កម្រិតនៃការខ្ចីបំណុលពីបរទេសមកដល់នឹងពេលបច្ចុប្បន្ននេះ មិនទាន់ធ្វើឱ្យកម្ពុជាជំពាក់គេវ័ណ្ឌកនោះទេ ដោយកម្ចីនេះស្ថិតក្នុងបន្ទាត់ពិដានតាមទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន និងក៏ជាកម្ចីឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះក្នុងអត្រាការប្រាក់ទាបបំផុត៕






