ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២០នេះ នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជាប់ចំណាត់ថ្នាក់ល្អបំផុតនៅក្នុងពិភពលោក ដោយមានក្រុមហ៊ុនបម្រើសេវាទេសចរណ៍អន្តរជាតិល្បីៗធ្វើកត់សម្គាល់នៅក្នុងទិន្នន័យប្រចាំឆ្នាំរបស់ខ្លួន។
តាមរយៈក្រសួងទេសចរណ៍កម្ពុជា នៅរសៀលថ្ងៃទី២៦
ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបង្ហាញថា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុតសម្រាប់មកទស្សនា និងរស់នៅប្រកបដោយសុខុមាលភាពខ្ពស់ ដោយមានស្ថាប័ន និងក្រុមហ៊ុនអន្តរជាតិមួយចំនួនបានធ្វើកំណត់ត្រា។
សម្រាប់កំណត់ត្រារបស់ក្រុមហ៊ុនអន្តរជាតិល្បីៗទាំងនោះរួមដូចតទៅ៖
ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនអន្តរជាតិ Big 7 Travel បានចុះផ្សាយពីគោលដៅទេសចរណ៍ល្អបំផុតសម្រាប់ ការសម្រាកលំហែចំនួន ៧ កន្លែង លើពិភពលោក (The 7 Most Relaxing Locations In The World) ដោយខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក៏ជាកន្លែងមួយក្នុងនោះផងដែរ។ បើយោងតាមព័ត៌មានរបស់វេបសាយ Big 7 Travel បានបង្ហាញថា សៀមរាបជាទីក្រុងស្ងប់ស្ងាត់ដ៏សែនមនោរម្យ ដោយមានរមណីយដ្ឋាន និងប្រាសាទដ៏ទាក់ទាញជាច្រើនកន្លែង ជាពិសេសប្រាសាទអង្គរវត្ត។
ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ កម្ពុជាក៏ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០២០ (International Travel Award 2020) ដោយសមាគមអ្នកនិពន្ធទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Pacific Area Travel Writers Association) ដែលមានស្នាក់ការនៅប្រទេសឥណ្ឌា ដោយបានចាត់ទុក “កម្ពុជា៖ គោលដៅដ៏ល្អបំផុតសម្រាប់បេតិកភណ្ឌវប្បធម៌” (Cambodia-Best Destination for Heritage)។
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គេហទំព័រ OUTRAGE Travel បានចុះផ្សាយអំពីប្រទេសដ៏មានសុវត្ថិភាពបំផុតទាំង៥ សម្រាប់មកទស្សនានៅក្នុងតំបន់អាស៊ី (Five of the safest places to visit in Asia) ដោយកម្ពុជាត្រូវបាន ជាប់ជាប្រទេសដែលមានសុវត្ថិភាពបំផុត និងបង្ហាញថាជាប្រទេសដែលមានវប្បធម៌ ព្រមទាំងបុរាណស្ថានបែបសាសនាដ៏សម្បូរបែប។
ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន My International Movers ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស អាមេរិក និង អូស្ត្រាលី បានចុះផ្សាយពីប្រទេសរួសរាយបំផុតទំាង ១០ សម្រាប់មកទស្សនា និងរស់នៅទូទាំងពិភពលោក (Top 10 Friendliest Countries in the World to Move To)។ ទិន្នន័យដែលក្រុមហ៊ុនទទួលពីការស្រាវជ្រាវបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាគឺជាគោលដៅដ៏ល្អបំផុត ដោយមានប្រជាជនរួសរាយរាក់ទាក់ និងដំណើរកម្សាន្តដែលមានតម្លៃសមរម្យ។
ការផ្តល់នូវចំណាត់ថ្នាក់ទាំងនេះបានបង្ហាញអំពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញអ្នកទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិកូវីដ-១៩ ។
ជាមួយនឹងកំណត់ខាងលើនេះ បច្ចុប្បន្នក្រសួងទេសចរណ៍បានផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពស្ដីពីការធ្វើដំណើរ និងទេសចរណ៍ ហើយក្រសួងក៏បាននឹងកំពុងរៀបចំផែនទីបង្ហាញផ្លូវដើម្បីស្តារឡើងវិញវិស័យទេសចរណ៍ ឆ្នាំ២០២១- ២០២៥ ផងដែរ ៕






