ដោយ ៖ រ៉ាណេត
កណ្តាល ៖ រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅ ស្ថិតនៅស្រុងល្វាឯម ខេត្តកណ្តាល ត្រូវបានសាងសង់សម្រេចបានលទ្ធផលប្រមាណ៩៥ភាគរយ ដោយគ្រោងនឹងដាក់ឱ្យដំណើរនៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ និងលុបបំបាត់ភាពខ្វះខាតដែលធ្លាប់កើតមានកាលពីពេលកន្លងទៅនេះ ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានប្រាប់ឱ្យដឹងថានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រោងចក្រអគ្គិសនីមួយនេះ សាងសង់សម្រេចបានប្រមាណ៩៥ភាគរយ ហើយត្រៀមបញ្ចប់នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា “ក្រោយសាងសង់រួច កម្ពុជា ជាពិសេសភូមិសាស្ត្រនៅក្នុងខេត្ត នឹងមិនខ្វះអគ្គិសនីប្រើប្រាស់នៅខែប្រាំងទៀតនោះទេ ហើយទាំងនៅសល់ថាមពលសម្រាប់ស្តុកទុកត្រៀមបំរុងថែមទៀតផង។ នេះគឺជាស្នាដៃដ៏ធំធេងរប់សប្រមុខដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលខំប្រឹងធ្វើយ៉ាងមិនឱ្យកម្ពុជា ខ្វះខាតអគ្គិសនីប្រើប្រាស់ ជាពិសេសមិនធ្វើឱ្យប្រជាពលរដ្ឋខ្វះអគ្គិសនីប្រើប្រាស់នោះទេ”។
ជាមួយគ្នានេះ លោកក៏បានប្រាប់ឱ្យដឹងផងដែរថា “កម្ពុជាយើងមានថាមពលអគ្គិសនីជាង ៣,៦០០មេហ្គាវ៉ាត់ តែយើងប្រើប្រាស់បច្ចុប្បន្នអស់តែប្រមាណជាង ១,៧០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ដូច្នេះយើងនៅសល់ថាមពលអគ្គិសនី ជាងពាក់កណ្ដាលសម្រាប់ត្រៀមទុក។ ចាប់តាំងពីកូវីដ-១៩ បានវាយលុកចូលក្នុងប្រទេសកម្ពុជា មានការថយចុះការប្រើប្រាស់ថាមពលអគ្គិសនី ដោយសារតែសង្វាក់ផលិតកម្ម នានាត្រូវបានផ្អាក ឬត្រូវកាត់បន្ថយជាដើម ដែលនាំឱ្យអគ្គិសនីនៅសល់ច្រើន ហើយថាអគ្គិសនីកម្ពុជានឹងខាតបើសិនជាកង្វះខាតការប្រើប្រាស់ ខណៈដែលអគ្គិសនីកម្ពុជា មានប្រភពអគ្គិសនីច្រើន ហើយនឹងត្រូវប្រើប្រាស់ថាមពលអគ្គិសនីមួយណាដែលមានតម្លៃថោកជាងគេជាមុនសិន ដើម្បីសន្សុំសំចៃ”។
តាមផែនការរបស់អគ្គិសនីកម្ពុជា ក្នុងការផ្គត់ផ្គង់ឱ្យដល់គ្រប់ភូមិទូទាំងប្រទេសកម្ពុជា ខណៈតាមផែនការសម្រេចបាន ៩៨ភាគរយហើយ នៅសល់តែ ២៣៥ភូមិប៉ុណ្ណោះ ក្នុងនោះភូមិខ្លះអគ្គិសនីកម្ពុជា មិនអាចតខ្សែរភ្លើងដល់ឡើយ គឺមានតែប្រើប្រាស់ថាមពលភ្លើងសឡាសម្រាប់ផ្គង់ផ្គង់អ្នកភូមិទាំងនោះ៕






