កម្ពុជា​ត្រៀម​រៀបចំ​វេទិកា “សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប​លំដាប់​ពិភពលោក​លើក​ទី១”  

0

ដោយ ​វ​ឌ្ឈ​នា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ លេខាធិការដ្ឋាន និង​ក្រុមការងារ​សម្រាប់​ត្រៀម​រៀបចំ​វេទិកា “សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប លើក​ទី១” ។

លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ​បាន​មានប្រសាសន៍ថា វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប​លើក​ទី១ ដែល​ក្រសួងពាណិជ្ជកម្ម​បាន​ត្រៀ​ម​រៀបចំ គឺជា​វេទិកា​របស់​អ្នកដឹកនាំ​អាជីវកម្ម មកពី​ទ្វីបអាស៊ី និង​ទ្វីបអឺរ៉ុប ក្នុង​គោលបំណង​ដើម្បី​រួមចំណែក ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ក្នុង​តំបន់​ទាំងពីរ (អាស៊ី និង​អឺរ៉ុប) ។

កិច្ចប្រជុំ​វឌ្ឍនភាព​ស្ដីពី ការត្រៀម​រៀបចំ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប​លើក​ទី១នេះ មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​ក្រុមការងារ​ទាំង៣ គឺ១-ក្រុមការងារ​ឯកសារ និង​ផ្សព្វផ្សាយ​ព័ត៌មាន ២-ក្រុមការងារ​ពិធីការ រៀបចំ​កន្លែង​ប្រជុំ ដឹកជញ្ជូន សិល្បៈ និង​សន្តិសុខ និង៣-ក្រុមការងារ​ផ្នែក​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ ដោយ​ផ្ដោតជាសំខាន់​ទៅលើ៖ ការពិនិត្យ កែសម្រួល​ខ្លឹមសារ​ឯកសារ​ពាក់ព័ន្ធ នឹង​ការរៀបចំ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប​ដែល​កម្ពុជា​គ្រោង​នឹងធ្វើ​នៅពេល​ខាងមុខ។

លោក​រដ្ឋមន្ត្រី​បាន​បន្ដថា ចំពោះ​វឌ្ឍនភាព​ការងារ​ពិធីការ រៀបចំ​កន្លែង​ប្រជុំ ដឹកជញ្ជូន សិល្បៈ និង​សន្តិសុខ ក្រុមការងារ​បាន​បែង​ចែកជា៨គឺ ទី១ ក្រុមការងារ​សម្របសម្រួល ទី២ ក្រុមការងារ​ឯកសារ និង​ផ្សព្វផ្សាយ​ព័ត៌មាន ទី៣ ក្រុម​បង្ហាញ​ផលិតផល និង​តែង​លម្អ ទី៤ ក្រុមមន្ត្រី​ទំនាក់ទំនង ទី៥ ក្រុម​សិល្បៈ  ទី៦ ក្រុម​សន្តិសុខ ទី៧ ក្រុម​ដឹកជញ្ជូន ទី៨ ក្រុម​ពិធីការ ដោយ​ក្នុងនោះដែរ​ក្រុមការងារ​ផ្នែក​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ បានដាក់​លិខិត​ជូនទៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​រួចហើយ នៅ​រង់ចាំតែ​ការឆ្លើយតប​ពី​ក្រសួង​តែប៉ុណ្ណោះ។

លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី១៣ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា មិន​ថា​ផ្នែក​នយោបាយ សេដ្ឋកិច្ច ឬ​វប្បធម៌​ឡើយ ហើយ​បច្ចុប្បន្ន ASEM មាន​ដៃគូរ​ចំនួន៥៣ ក្នុងនោះ២១ប្រទេស​មកពី​អាស៊ី ៣០ប្រទេស​មកពី​អឺរ៉ុប និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន ព្រមទាំង​សហភាព​អឺរ៉ុប លើសពីនេះ ASEM បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូរ និង​កិច្ចសហប្រតិបត្ដិការ​អា​ស៊ី-អឺរ៉ុប ដើម្បី​លើកកម្ពស់​សន្ដិភាព វិបុលភាព​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម។

លោក​បញ្ជាក់ថា ប្រធានបទ​នៃ​ការរៀបចំ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប យើង​បានសម្រេច​កំណត់​យក​ចំណងជើង​ថា “LEVERAGING GLOBAL VALUE CHAIN AND  MULTILATERALISM FOR INCLUSIVE GROWTH IN THE 4IR AND NEW NORMAL TRANSITION” ។ ក្រុមការងារ​ក៏បាន​ត្រៀម អញ្ជើញ​វាគ្មិន​ជាតិ និង​អន្ដរជាតិ​ដែលជា CEO និង Moderator ដែលមាន​បទពិសោធន៍ មាន​កេ​រិ៍ត​ឈ្មោះ និង​ទទួលជោគជ័យ​ក្នុង​អាជីវកម្ម​ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ ជាពិសេស​តាម​បណ្តា​ស្ថានីយទូរទស្សន៍​មួយចំនួន ទាំង​នៅក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប។

ម្យ៉ាងទៀត ដោយ​បច្ចុប្បន្ន​ស្ថិតក្នុង​បរិការណ៍ នៃ​ការ​រាតត្បាត​ជំងឺ COVID-19 ក្រុមការងារ​ក៏បាន​គិតគូ​ពី​ឧបករណ៍​សុវត្ថិភាព ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ព្រមទាំង​ចំនួន​ភ្ញៀវ​ចូលរួម បន្ទប់​ប្រជុំ គម្លាត​សុវត្ថិភាព ម៉ាស ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ និង​ឧបករណ៍​ថត​សីតុណ្ហភាព ដោយ​អនុលោម​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here