ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របខ្លួនទៅក្នុងបរិការថ្មីនៃការរស់នៅ និងការអនុវត្តការងារដោយបានជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងតំបន់ និងសាកល ជាពិសេស ការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» ថា ស្ថិតនៅក្នុងកំឡុងពេលដែលកំពុងជួបវិបត្តិនៅពេលនេះ បានជំរុញឱ្យឃើញកាន់តែច្បាស់នៃភាពចាំបាត់លើការជំរូញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឌីជីថល។
សម្ដេចបានមានប្រសាសន៍បន្តទៀតថា “ប្រាកដណាស់ថា ការអភិវឌ្ឍ ការតភ្ជាប់ឌីជីថលតំបន់ និងការប្រែក្លាយសង្គមសេដ្ឋកិច្ច ឱ្យទៅជាសង្គមសេដ្ឋកិច្ចឌីជីថល និងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ Covid-19 និងការអភិវឌ្ឍប្រកបដោយចិរភាព និងភាពធន់នាពេលអនាគត”។
ប្រទេសចិន គឺជាប្រទេសមួយដែលដឹកមុខក្នុងការអភិវឌ្ឍវិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងសាកលលោក។ ក្នុងន័យនេះ ការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ នឹងក្លាយទៅជាប្រធានបទដ៏សំខានន់នាពេលអនាគត់។
រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងលើកកម្ពស់ការធ្វើឌីជីថលលូបនីយកម្មទាំងក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល កម្ពុជានឹងដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលឆាប់ៗខាងមុខនេះ។ ដោយឡែក រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ រួមមាន ៖
ទី១ការដាក់ឱ្យអនុវត្តនូវថ្នាល់ចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ៨ថ្ងៃប៉ុណ្ណោះក្នុងការបើកក្រុមហ៊ុនអាជីវកម្ម។
ទី២បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។
ទី៣ ការរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ជាងនេះទៅទៀត កម្ពុជា នឹងដាកចេញនូវច្បាប់វិនិយោគថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញតាមរយៈការលើកទឹកចិត្តជាកញ្ចប់ដល់ការវិនិយោគលើវិស័យឧស្សាហកម្ម អេឡិចត្រូនិក បង្គុំ កសិឧស្សាហកម្ម គ្រឿងបន្លាស់ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ល។ ៕






