ផ្សារឃ្លាំងរំសេវថ្មីសែនសុខតម្លៃជាង ៣លានដុល្លារ បានចាប់ផ្តើមសម្ពោធបើកដំណើរការជាផ្លូវការនៅថ្ងៃនេះ

0

ដោយ ហ្សូលី

ភ្នំពេញ៖ ផ្សារឃ្លាំងរំសែវថ្មីសែនសុខ តម្លៃជាង ៣លានដុល្លារ ចំណាយរយៈពេលសាងសង់ប្រមាណ ៩ខែ បានចាប់ផ្តើមបើកសម្ពោធដំណើរការជាផ្លូវការនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន សេងនី ឯកឧត្តមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។

នៅក្នុងឱកាសពិធីសម្ពោធផ្សារឃ្លាំងរំសេវថ្មី សែនសុខនេះ អភិបាលរងរាជធានីភ្នំពេញ លោកជំទាវ កែវ សុខពិសី បានមានប្រសាសន៍ថា ការសម្ពោធបើកដំណើរការជាផ្លូវការផ្សារឃ្លាំងរំសេវថ្មីសែនសុខនេះ នឹងនាំមកនូវជោគជ័យថ្មីបន្ថែមទៀតសម្រាប់វិស័យឯកជនក្នុងរាជធានីភ្នំពេញ។ ការបង្កើតផ្សារឃ្លាំងរំសេវនេះគឺជាចលករជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែស៊ីវីល័យបន្ថែមទៀត។

លោកជំទាវបន្តថា បើទោះបីជាក្នុងឆ្នាំ ២០២០នេះ កម្ពុជាជួបប្រទះនូវវិបត្តិសកលកូវីដ១៩ក្តី តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជាអាចទប់ស្កាត់បាន ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយនិងកក់ក្តៅក្រៃលែង។

អគ្គនាយកផ្សារឃ្លាំងរំសេវថ្មីសែនសុខ ឧកញ៉ា ផេត ពិសិដ្ឋ ថ្លែងថា នៅចុងឆ្នាំ ២០១៩ ក្នងនោះមានបុត្រសម្ព័ន្ធចំនួន ២ គឺ The Green Community Mall សាងសង់លើផ្ទៃដីជាង ៤ ហិកតា និងផ្សារឃ្លាំងរំសេវថ្មីចំនួន ២,៧ហិកតា សរុបផ្ទៃដីផ្សារទាំងពីរគឺ ៧ ហិកតា។

ឧកញ៉ាបានបញ្ជាក់ថា ហេតុផលដែលលោកសម្រេចបណ្តាក់ទុនសាងសង់ The green Community Mall និងផ្សារឃ្លាំងរំសេវថ្មីសែនសុខ ដោយសារកត្តាសុខសន្តិភាព សេដ្ឋកិច្ចរីកចម្រើន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្សារឃ្លាំងរំសែវថ្មីសែនសុខ មានទីតាំងនៅចំកណ្តាលតំបន់ពាណិជ្ជកម្មទំនើប ងាយស្រួលចតរថយន្ត និងម៉ូតូមានតូបលក់ផលិតផលរហូតដល់ ១០០០តូប អមជាមួយ Shophouse និងផ្សារបន្លែត្រីសាច់ធម្មជាតិ និងមានបន្ទប់ទឹកស្អាត មានអនាម័យ។ ផ្សានេះមានលក់ទំនិញជាច្រើនប្រភេទដូចជា ទូរស័ព្ទដៃ សំភារៈទូរស័ព្ទ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ ម្ហូបអាហារ គ្រឿងសម្អាង សាឡន និងថែសម្ផស្ស ព្រមទាំងហាងកាហ្វេប្រេនផ្សេងៗដែលមានគុណភាពខ្ពស់តម្លៃសមរម្យ។

LEAVE A REPLY

Please enter your comment!
Please enter your name here