ដោយ ហ្សូលី
ភ្នំពេញ៖ គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងខេត្តពោធិ៍សាត់ នឹងចាប់ផ្តើមបុកគ្រឹះសាងសង់នៅខែធ្នូ ឆ្នាំ ២០២០ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើតាមឱ្យដឹងពីអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន្ទ។
អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន្ទបានមានប្រសាសន៍អំឡុងចុះត្រួតពិនិត្យមើលការដ្ឋាននិងពន្លឿនការស្ថាបនា «សួនពោធិ៍សាត់» ថា ស្ពានអាកាសថ្មើរជើងនេះឆ្លងកាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់នឹងចាប់ផ្តើមអនុវត្តគម្រោងនៅអំឡុងខែធ្នូ ឆ្នាំ ២០២០ខាងមុខនេះ។ ស្ពានអាកាសថ្មើរជើងស្ថាបនាឡើងដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ។

លោកអភិបាលបន្តថា ក្រោយពីខេត្តពោធិ៍សាត់ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង និងឥទ្ធិពលពីវិបត្តិជំងឺកូវីដ១៩ វាជាពេលដែលកម្ពុជាត្រូវបន្តចាប់ដៃគ្នាអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានភាពរីកចម្រើន និងស្រស់បំព្រងបន្ថែមទៀត។

ក្រៅពីការស្ថាបនាស្ពាន ខេត្តពោធិ៍សាត់ក៏នឹងរៀបចំនូវ សួនពោធិ៍សាត់ ដែលជាអតីតសួនច្បារ១៤ មករា ដែលនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់។ នៅក្នុងឆ្នាំ ២០២១ខាងមុខ រដ្ឋបាលខេត្តពោធិ៍សាត់ក៏មានគម្រោងរៀបចំច្រាំង និងសួនច្បារនៅផ្នែកខាងកើតផងដែរ។

ខេត្តពោធិ៍សាត់ ក៏មានគម្រោងកែលម្អសោភ័ណភាពក្រុងឱ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង តាមរយៈការដាក់ភ្លើងបំភ្លឺផ្លូវសំខាន់ៗ តាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងមានគម្រោងបន្ថែម ជុំវិញការដាំដើមឈើ នៅសងខាងផ្លូវវៀងក្រុងផងដែរ៕






