ដោយ ៖ រ៉ាណេត
កែប ៖ តំបន់ទេសចរណ៍ចំនួន៥ប្រចាំនៅក្នុងខេត្តកែប កំពុងទាក់ទាញភ្ញៀវទេសចរទៅលេងជាហូរហែ ដោយសារតែទីនោះមានឆ្នេរយ៉ាងស្រស់ស្អាត រួមជាមួយទេសភាពធម្មជាតិដ៏ទាក់ទាញបំផុតក្រោមការយកចិត្តទុកដាក់ថែរក្សា និងអភិវឌ្ឍន៍បន្ថែមពីសំណាក់មន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្ត។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានប្រាប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននៅទូទាំងខេត្តកែបមានកន្លែងទេសចរណ៍ជាច្រើនទាំង រាប់ទាំងតំបន់កម្សាន្តឆ្នេរ តំបន់ធម្មជាតិ និងតំបន់កែច្នៃដែលវិនិយោគដោយវិស័យឯកជន ប៉ុន្តែក្នុងចំណោមទាំងអស់នោះ គេសង្កេតឃើញមានតំបន់ទេសចរចំនួន៥ ដែលមានភាពទាក់ទាញខ្លាំង។
លោកបញ្ជាក់ថា “សម្រាប់ទទួលភ្ញៀវចូលមកលេងកម្សាន្ត រួមមាន៖ទី១. ឆ្នេរលិចទឹក ទី២. កោះទន្សាយ ទី៣. ឆ្នេរអង្កោល ទី៤.ភ្នំវល្លិ៍ និងទី៥ ឧទ្យានកែប ដែលទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករហូរហែមិនចេះដាច់។ ក្រុមអ្នកទេសចរភាគច្រើនចូលចិត្តជិះទូក និងលម្ហែតាមឆ្នេរ គយគន់ផ្កាថ្ម ដ៏ស្រស់ត្រកាល និងស្រូបយកខ្យល់ អាកាសល្អបរិសុទ្ធ សម្រាប់ជួយឱ្យមានសុខភាពល្អទៀតផង ។ ខេត្តដែលនៅជាប់ឆ្នេរសមុទ្រមួយនេះ មានលក្ខណៈពិសេស ដោយមានឧទ្យាននៅចំកណ្តាលទីក្រុង ដែលផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរដើរកម្សាន្តបន្ទាប់ពីងូតទឹកសមុទ្ររួច”។
លោកបញ្ជាក់ថា “អ្វីដែលជាទីទាក់ទាញភ្ញៀវទេសចរនោះ មិនត្រឹមតែទេសភាពមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ គឺថែមទំាងមានសេវាកម្ម និងអនាម័យបរិស្ថានស្អាតដែលធ្វើឱ្យភ្ញៀវមានទំនុកចិត្ត មកម្តងហើយចង់មកម្តងទៀត។ មន្ទីរយើងបានចុះផ្ទាល់ៗដល់មូលដ្ឋានអាជីវកម្មដើម្បីមើលមូលដ្ឋានដែលមានការរៀបចំតាមវិធានក្រសួងសុខាភិបាលនិងណែនាំពិនិត្យគាត់ដើម្បីផ្ដល់នូវឡាប៊ែលដែលមានន័យថាពួកគាត់មានការរៀបចំនិងអនុវត្តបានល្អទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងទេសចរណ៍ធ្វើយ៉ាងណាផ្តល់ទំនុកចិត្តជូនភ្ញៀវទេសចរ”។
រដ្ឋបាលខេត្តកែបកំពុងអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងទៀត រួមជា មួយនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ចូលទៅកាន់តំបន់នោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទៅលេងកម្សាន្តកាន់តែច្រើន។ កន្លងមកនេះគណៈកម្មាធិការវាយតម្លៃទីក្រុងស្អាតអាស៊ាន សម្រេចប្រគល់ពានរង្វាន់ទីក្រុងស្អាត ដល់ខេត្តកែបដែលជាប់មាត់សមុទ្រដ៏ស្រស់ស្អាត បន្ទាប់ពីក្រសួងទេសចរណ៍បានផ្ដល់ពានរង្វាន់ផ្ការំដួល៣ទង ដល់ទឹកដីដែលមានបរិស្ថានស្អាត និង មានជីវចម្រុះយ៉ាងល្អប្រសើរមួយនេះ៕






