ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងការចាប់ផ្តើមរីករាលដាល់នៃជំងឺ Covid-19 ក្នុងសហគមន៍ជាលើកដំបូងនៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីណែនាំពីការអនុវត្តនូវវិធានការការពារខ្លួន និងប្រុងប្រយ័ត្នពីជំងឺឆ្លង រួមជាមួយនឹងការបញ្ជាក់ពីគម្រោងដំណើរការបើកការដ្ឋានស្ថាបនាផ្លូវទាំង៣៨ខ្សែទូទាំងក្រុងសៀមរាបដដែល ដោយមិនមានការផ្អាកនោះទេ។
នៅក្នុងសេចក្ដីណែនាំតាមរយៈសារសំឡេងកាលពីរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “សូមប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពីគ្រូពេទ្យឱ្យបានឆាប់”។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចនឹងមិនអំពាវនាវឱ្យមានការបិទសាលារៀននៅភ្នំពេញ និងខេត្តពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនូវការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ។ ត្រូវទុកសាលារៀនដំណើរការធម្មតាទៅតាមគន្លងថ្មី។ ជាមួយគ្នានេះ ដំណើរការកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែ នៅខេត្តសៀមរាប នៅតែដំណើរការតាមគម្រោងធម្មតា តែត្រូវបង្កើនការប្រុងប្រយ័ត្ន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើងនឹងយល់ទៅដល់សភាពការណ៍នេះ ហើយខ្ញុំនឹងតាមដានដោយយកចិត្តទុកដាក់ទៅលើការវិវឌ្ឍន៍នៃភាពការណ៍ទាំងអស់ ដែលក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធរាយការណ៍ឱ្យខ្ញុំជាបន្តបន្ទាប់។ ឥឡូវនេះបើទោះបីហេតុការណ៍នេះបានកើតនៅក្នុងខេត្តសៀមរាប ក៏ខ្ញុំកំពុងស្ថិតនៅសៀមរាប ហើយខ្ញុំនៅតែដំណើរការកម្មវិធីធម្មតា ដោយគ្រាន់តែបង្កើនការប្រុងប្រយ័ត្នប៉ុណ្ណោះ។ ដូច្នេះមិនមានការលុបចោលនូវកម្មវិធីដែលបានគ្រោងទុកសម្រាប់ការបើកការដ្ឋានផ្លូវ ៣៨ខ្សែ រួមនឹងការកែលំអរដងស្ទឹងសៀមរាបផងនោះទេ”។
សម្តេចតេជោបន្ថែមថា “សូមបងប្អូនបង្កើនការយកចិត្តទុកដាក់ទៅលើការការពារខ្លួន ហើយប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ ហើយនៅក្នុងផ្ទះ ដើម្បីងាយស្រួលឱ្យអាជ្ញាធរធ្វើការត្រួតពិនិត្យទៅលើបញ្ហាទាំងឡាយ ហើយអ្នកត្រូវធ្វើចត្តាឡីស័ក ត្រូវធ្វើឱ្យបានម៉ត់ចត់ចៀសវាងការសាយភាយទៅកាន់កន្លែងផ្សេងទៀត។ សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងជម្នះបាននូវការលំបាកនៅក្នុងកាលៈទេសៈមិនទាន់ច្បាស់លាស់នេះ”។
ស្ថិតនៅក្នុងស្ថានការណ៍ដែលកំពុងតែបន្តការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីជាវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងបានប្រកាសបិទសណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃ បន្ថែមពីលើការបិទបណ្តោះអាសន្នផ្សារទំនើប AEON Phnom Penh និងសាលារៀនឯកជន AIS សាខាចាក់អង្រែក្រោម។
គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ១៩ សរុប ៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕






