សម្តេចតេជោសម្រេចលុបចោលពិធីតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី ៧ ធ្នូ ខាងមុខនេះ

0

ដោយ ហ្សូលី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលុបចោលជាផ្លុវការនូវកម្មវិធីតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងនឹងប្រព្រឹត្តនៅថ្ងៃទី ៧ ខែធ្នូខាងមុខនេះ ដោយហេតុថាការពារការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។

ថ្លែងឱ្យដឹងនៅក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប និងង ស្តារ-កែលម្អ ដងស្ទឹង សៀមរាបនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ សម្តេចតេជោបានមានប្រសាសន៍ថា «មេកងហោះហើររបស់ខ្ញុំសម្រាប់ឧត្ថម្ភាគចក្រនេះ បានទទួលទានអាហារជាមួយអ្នកពាក់ព័ន្ធ អញ្ចឹងទេម្សិលមិញនេះ ខ្ញុំបញ្ជាឱ្យឧបម្ភាគចក្រទាំង៤ តូច២ធំ២ ត្រឡប់ទៅទីក្រុងភ្នំពេញ ហើយបាញ់ថ្នាំសម្លាប់មេរោគ។ មនុស្សទាំងអស់ត្រូវធ្វើតេស្តយកសំណាករួចហើយដាក់ខ្លួនធ្វើចត្តាឡីស័ក។ អញ្ចឹងពីឡុតនៃការហោះហើរសម្រាបឥស្សារជនជាន់ខ្ពស់ មិនត្រូវប្រើប្រាស់ក្នុងរយៈពេល ១៤ ថ្ងៃ។»

សម្តេចតេជោបន្តថា «អញ្ចឹងបានជាខ្ញុំស្នើដល់ឯកឧត្តម ស៊ុន ចាន់ថុល លុបចោលកម្មវិធីនៃការតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ត្បូងឃ្មុំ នៅថ្ងៃទី ៧ នេះ ព្រោះខ្ញុំត្រូវធ្វើដំណើរតាមឧត្ថម្ភាគចក្រ ខ្ញុំអត់ធ្វើដំណើរទៅបានទេ។ ពិតមែនហើយយើងមានកងទ័ពអាកាសរបស់យើងអាចធ្វើការហោះហើរបាន ក៏ប៉ុន្តែគឺវាមិនមែនជាការចាំបាច់ពេកទេ។ គ្រាន់តែជាដំណើរការនិមិត្តរូបនៃការតភ្ជាប់ស្ពាន ឱ្យគេធ្វើសិនទៅ។ ធ្វើទៅហើយ ជួនកាលគេតភ្ជាប់មុនសម្ពោធត្រឹម ៥ថ្ងៃក៏បានដែរ អត់មានបញ្ហាទេ មុនសម្ពោធដាក់ឱ្យប្រើប្រាស់ត្រឹមតែ ៥ថ្ងៃក៏វាមិនអីដែរ។»

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គម្រោងសាងសង់ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ ចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់។ គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ពាននេះសម្រេចបាន៩៦,៤ភាគរយ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here