ដោយៈ រ៉ាណេត
កែបៈ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ ខេត្តកែបបានទទួលស្វាគមន៍ទេសចរចម្រុះជាតិសាសន៍នានា ជាពិសេសជនជាតិខ្មែរសរុបជាង១,៣លាននាក់ ដែលជាសញ្ញាបង្ហាញពីសក្ដានុពល និងភាពទាក់ទាញរបស់ខេត្តក្នុងវិស័យទេសចរណ៍ ខណៈដែលវិស័យឯកជន កំពុងតែបណ្តាក់ទុនបន្ថែម ទៅលើការបង្កើតផលិតផលទេសចរណ៍ ថ្មីៗបន្ថែមទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

តាមរយៈរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកែប ដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ឱ្យដឹងថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២០កន្លងទៅនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកសម្រាកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ឆ្នេរមានចំនួនជាង១,៣លាននាក់ ដោយតួលេខនេះមានការថយចុះបន្តិចបន្តូច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តជាង១,៤លាននាក់។
ចាប់តាំងពីដើមឆ្នាំ២០២០ ដែលកើតមានជំងឺកូវីដ១៩ វាយលុកលុយទូទាំងពិភពលោក ទេសចរចម្រុះជាតិសាសន៍ បានផ្អាករាល់គម្រោងដំណើរកម្សាន្តរបស់ខ្លួន ដែលធ្វើឱ្យវិស័យមួយនេះទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលក្នុងកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលអវិជ្ជមានផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា តាមរយៈចលនាក្នុងស្រុក វិស័យទេសចរណ៍កម្ពុជានៅតែមានចលនា ជាពិសេសនៅតាមតំបន់ឆ្នេរ តំបន់ធម្មជាតិព្រៃភ្នំ ដែលជាតំបន់ទេសចរណ៍មានស្រាប់ និងទេសចរណ៍កែច្នៃដែលវិនិយោគដោយវិស័យឯកជន។
ដោយឡែកសម្រាប់តែខេត្តជាប់មាត់សមុទ្រ កែប នៅក្នុងរយៈពេល១១ខែកន្លងទភនេះ មានទេសចរចម្រុះជាតិសាសន៍ជាង១,៣លាននាក់ ចូលទៅកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត ដែលក្នុងនោះរួមមានដូចជា តំបន់ឆ្នេរអង្កោល ទីតាំងវត្តសមាធិ និងតំបន់ព្រៃកោងកាងជាដើម។
អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានថ្លែងដោយមោទនភាពថា “កែប ពិតជាខេត្តដែលមានលក្ខណៈពិសេស ដែលសម្រស់ដ៏ស្រស់ស្អាតរបស់ខេត្ត ហាក់មានបង្កប់នូវអាថកំបាំងកណ្តាលធម្មជាតិ ដែលធ្វើឱ្យទេសចរមានអារម្មណ៍ភ្ញាកផ្អើល និងមិនចង់ចាកចេញនោះទេ”។
លោកបញ្ជាក់ថា “ទេសចរជាច្រើន ហាក់ជាប់ចិត្តជាមួយនឹងខេត្តតូចច្រឡឹងនេះ។ ខេត្តកែបមានលក្ខណៈល្អពិសេស និងស័ក្តិសមជាកន្លែងសម្រាប់លំហែរកាយ ដែលក្រៅពីមានទឹក ដី និងខ្យល់ស្អាត ខេត្តក៏មានប្រៃកោងកាង ដើមឈើធំៗ និងរសជាតិអាហារសមុទ្រ ជាពិសេសក្តាមសមុទ្រ ដែលចង់ចិត្តទេសចរមិនអាចបំភ្លេចបាន”៕






