ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ដ៏​ធំ កំពុង​សិក្សា​គម្រោង​បង្កើត​ឧ​ទ្សា​ន​ទេសចរណ៍ និង​វប្បធម៌ នៅ​ខេត្តបាត់ដំបង

0

ដោយ ៖ រ៉ា​ណេ​ត

បាត់ដំបង ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុង​វិស័យ​ទេសចរណ៍​ដ៏​ធំ​របស់​ចិន ដែលមាន​ទីស្នាក់ការ​នៅក្នុង​ខេត្ត​យូ​ណាយ បាន និង​កំពុង​សិក្សា​លម្អិត​ពី​គម្រោង​បង្កើត​ឧទ្យាន​ទេសចរណ៍ វប្បធម៌​ដ៏​ធំ​នៅក្នុង​ខេត្តបាត់ដំបង​ជាមួយនឹង​ដើមទុន​វិនិយោគ​រាប់សិប​លាន​ដុល្លារ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អភិបាលខេត្ត​បាត់ដំបង។

អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ propertyarea.asia នៅ​ល្ងាច​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមហ៊ុន​ចិន​ដែលមាន​បំណង់​បោះទុន​វិនិយោគ និង​បង្កើត​ឧទ្យាន​ទេសចរណ៍ និង​វប្បធម៌​ដ៏​ធំ​ប្រចាំ​នៅក្នុង​ខេត្តបាត់ដំបង​មួយ​នេះ បាន​បោះទុន​បង្កើត​ឧទ្យាន​កម្សាន្ត​នៅក្នុង​ក្រុង​សៀមរាប​មួយកន្លែង​រួចហើយ។

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តទៀតថា “ដោយសារតែ​ខេត្តបាត់ដំបង​មាន​សក្ដានុពល​ទៅលើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ស្រាប់ ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​នេះ​ក៏មាន​បំណង​បង្កើត​ឧទ្យាន​កម្ស​ន្ត​មួយកន្លែង​ទៀត ខណៈដែល​ពេលនេះ​ពួកគេ​កំពុងតែ​សិក្សា​លម្អិត​ពី​គម្រោង​នៃ​ការអភិវឌ្ឍន៍ រួម​ជាមួយនឹង​ការសិក្សា​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា” ។

ជាមួយនឹង​គម្រោង​ដ៏​ធំ​មួយ​នេះ លោក​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ ដែល​ក្រុមហ៊ុន​មានបំណង​ធ្វើការ​វិនិយោគ​ជា​ឧទ្យាន​បែប​វប្បធម៌ ច្នៃប្រឌិត សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​ទស្សនា​កម្សាន្ត អាច​ដើរ​កំសាន្ត និង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។

លោក​បាន​បញ្ជាក់ថា ខេត្តបាត់ដំបង​ជា​ខេត្ត​ដែលមាន​ភាពសម្បូរ​បែប ទាំង​ផ្នែក​កសិកម្ម សេវាកម្ម និង​ទេសចរណ៍ ហើយ​ក្រៅពី​កសិកម្ម ខេត្ត​នេះ​មាន​ជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ជាច្រើន​កន្លែង ជា​ប្រភេទ​កែច្នៃ និង​ធម្មជាតិ ជាពិសេស​សំណង់ផ្ទះ​បុរាណ​ជាច្រើន​ទៀត បានធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន ព្រមទាំង​អ្នកវិនិយោគ​ផងដែរ ។ ចំណែក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏មាន​ខ្វាត់ខ្វែង ការធ្វើដំណើរ​ក៏​ប្រើ​រយៈពេល​កាន់តែ​ខ្លី និង​លឿន​ជាង​មុន ។

លោក ងួន រតនៈ បានបង្ហាញ​ពី​ក្ដី​សង្ឃឹមថា ក្រុមហ៊ុន​នឹងធ្វើ​ការវិនិយោគ​លើ​គម្រោង​ឧទ្យាន​បែប​វប្បធម៌ និង​កែច្នៃ​នេះ ឲ្យ​លេចចេញ​រូបរាងឆាប់ៗនៅក្នុង​ខេត្តបាត់ដំបង ដើម្បី​បម្រើ​ភាព​ពេញចិត្ត​របស់​ប្រជាពលរដ្ឋ​ទាំងមូល និង​ដើម្បី​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​អ្នក​ទៀត​ឲ្យ​មក​ទស្សនា​ខេត្ត​មួយ​នេះ ព្រោះ​ខេត្តបាត់ដំបង​ជា​ខេត្ត​មួយ​ដ៏​ល្អឥតខ្ចោះ ក្នុងការ​រស់នៅ ការប្រកប​អាជីវកម្ម និង​សម្រាប់អ្នកទេសចរ​នានា​មក​ទស្សនា​ខេត្ត​នេះ​ផងដែរ ។

មុនពេល​បង្ហាញ​ពី​គម្រោង​នៃ​វិនិយោគ​នៅក្នុង​ខេត្តបាត់ដំបង ក្រុម​ខាងលើនេះ​បាន​បោះទុន​វិនិយោគ និង​អភិវឌ្ឍន៍​នៅក្នុង​ខេត្តសៀមរាប​ក្រោម​ការអនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយនឹង​ដើមទុន​ដំបូង​ជាង ២៧លាន​ដុល្លារ ស្ថិតនៅ​ផ្លូវ៦០ម៉ែត្រ ភូមិ​ទ្រាំង ឃុំ​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ផ្តល់ឱកាស​ការងារ​បាន​ចំនួន២១៣កន្លែង ក្រោម​ឈ្មោះ Angkor Culture Investment and Development Group ៕

LEAVE A REPLY

Please enter your comment!
Please enter your name here