ដោយ ហ្សូលី
ភ្នំពេញ៖ ព្រលានយន្តហោះអន្តរជាតិទាំង ៣ របស់កម្ពុជា បានជាប់នៅលំដាប់កំពូលថាជាអាកាសយានដ្ឋានដែលមានសុវត្ថិភាពជាងគេ សម្រាប់ព្រលានយន្តហោះខ្នាតតូចដែលមានអ្នកដំណើរក្រោម ១៥លាននាក់ក្នុងមួយឆ្នាំ។
យោងតាមការវាយតម្លៃទទួលស្គាល់ផ្នែកសុខភាពតាមព្រលានយន្តហោះពីក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិបានឱ្យដឹងថា ព្រលានយន្តហោះដែលបើកដំណើរការដោយក្រុមហ៊ុន CAmbodia Airports នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាប់នៅលំដាប់កំពួលជាអាកាសយានដ្ឋានដែលមានវិធានការនិងរក្សាសុវត្ថិភាពល្អបំផុត។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាបានមានប្រសាសន៍ថា ការទទួលបានការវាយតម្លៃនេះគឺជាការលើកតម្កើងមុខមាត់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ថា ជាអាកាសយានដ្ឋានមានសុវត្ថិភព។
ទន្ទឹមនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ថ្លែងថា ក្រុមហ៊ុននៅតែរក្សាភាពស្មោះត្រង់ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាសាធារណៈដ៏សំខាន់មួយនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈការផ្តល់អាទិភាពជាចម្បងទៅលើសុវត្ថិភាព ផ្នែកសុខភាពរបស់អ្នកធ្វើដំណើរ និងសម្រាប់អ្នកប្រើប្រាស់ក្នុងព្រលានយន្តហោះ។
វិធានការទាំងនោះរួមមាន ការលាងសម្អាត និងការបាញ់ថ្នាំសម្លាប់មេរោគ ការរក្សាគម្លាតសុវត្ថិភាព ការការពារ បុគ្គលិក ការកំណត់ទីតាំងឈរ ទំនាក់ទំនងរវាងអ្នកដំណើរ និងកន្លែងសម្រាប់អ្នកដំណើរ។
អគ្គនាយកក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ (ACI) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក លោក Stefano Baronci បានឱ្យដឹងថា សូមអបអរសាទរព្រលានយន្តហោះដំណើរការនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ ដែលទទួលបាននូវការវាយតម្លៃទទួលស្គាល់ផ្នែកសុខភាពតាមព្រលានយន្តហោះពី ACI។
ជាការបញ្ជាក់ប្រាប់ទៅពិភពលោក និងសហគមន៍ ក្រុមហ៊ុនបម្រើសេវាកម្មនានាថា វិធានការផ្នែកសុខភាព ប្រកបដោយប្រសិទ្ធភាព ត្រូវបានដាក់ឱ្យអនុវត្តស្របទៅតាមស្តង់ដាខ្ពស់បំផុត តាមការណែនាំរបស់អង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។
ព្រលាន យន្តហោះ ទាំង ៣ ស្ថិត នៅ ក្នុង ចំណោម ព្រលានយន្តហោះ នានា ក្នុង តំបន់ អាស៊ាន ដែល ទទួល បាន នូវ ការទទួល ស្គាល់ ដូច គ្នា នៅក្នុង ចង្កោម ព្រលាន យន្តហោះ ធំៗ ក្នុង តំបន់ ដូចជា នៅ ប្រទេស សិង្ហបុរី ទីក្រុង ហ្សាការតា និង ទីក្រុង ម៉ានីល៕






