កម្ពុជា-រុស្សី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ក្នុង​បរិបទ​កូ​វីដ-១៩

0

ដោយៈ​វុត្ថា

ភ្នំពេញៈ កម្ពុជា-រុស្សី​កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ទ្វេភាគី​ក្នុង​បរិបទ​កូ​វីដ-១៩ និង​ការធ្វើសមាហរណកម្មរ​បស់​កម្ពុជា ព្រមទាំង​ការពិនិត្យ​លទ្ធភាព​ក្នុងការ​សិក្សា បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-រុស្សី នាពេល​អនាគត។

លោក​សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី​ប្រចាំ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី១ ខែធ្នូ​ឆ្នាំ ២០២០នេះ​បាន​សង្កត់ធ្ងន់ថា មេរោគ​នេះ បាន​នឹង​កំពុង​បង្ក​ការរាំងស្ទះ​ដល់​ការប្រើប្រាស់ ការបញ្ជាទិញ និង​ការដឹកជញ្ជូន​ទំនិញ​ទូទាំង​សកលលោក និង​បាន​ចូលរួមចំណែក​យ៉ាង​ធំ ក្នុងការ​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា -រុស្សី​ធ្លាក់ចុះ​ប្រមាណ១៨% នៅ១០ខែ​ដើមឆ្នាំ២០២០នេះ។

លោក​រដ្ឋលេខាធិការ​ក៏បាន​លើកឡើង ពី​ការ​ម្រេច​បាន​នូវ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន (CCFTA) កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ និង​ដំណើរ​ការចរចា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-សាធារណៈរដ្ឋ​កូរ៉េ (CKFTA) ដែល​បានបញ្ចប់​ជុំ​ទី៤ នៅ​ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

លោក​បន្ថែមថា មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ថែម​លើ​កិច្ចព្រមព្រៀង ដែលមាន​ស្រាប់​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន+១ (ជាមួយ​ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី​និង​ណូ​វែ​ល​សេ​ឡង់ និង​ហុងកុង) បាននិងកំពុង​ផ្តល់​ទីផ្សារ​ដ៏​យ៉ាង​ធំ​ទូលាយ​ដល់​កម្ពុជា។

លោក​បញ្ជាក់ទៀតថា “ក្នុង​បរិការណ៍​នេះ កម្ពុជា​ត្រូវការ​ការវិនិយោគ​បន្ថែមទៀត​ពី​សហព័ន្ធ​រុស្សី ពិសេស​ផ្នែក​ម៉ាស៊ីន​ធុន​ស្រាល​និង​មធ្យម ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្ពុជា សម្រាប់​បង្កើន​ការប្រកួតប្រជែង​ក្នុងការ​នាំចេញ” ។ លោក​បន្តថា “ក្នុង​ស្មារតី​នេះ កម្ពុជា​បង្ហាញ​បំណង​សិក្សា ពី​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-រុស្សី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន” ។

លោក​រដ្ឋលេខាធិការ​បា​ន​ស្នើ​ភាគី​រុស្សី អញ្ជើញ​ធុរជន និង​វិនិយោគិន​កម្ពុជា​ចូលរួម​កម្មវិធី​នានា​របស់​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​រុស្សី​នាពេលខាងមុខ ដើម្បី​ទទួលបាន​កាលានុវត្តភាព​ពាណិជ្ជកម្ម និង​វិនិយោគ​ផ្តល់​ដោយ​សហព័ន្ធ​រុស្សី និង​ស្នើ​ភាគី​រុស្សី​ជួយផ្តល់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ-១៩ ជូន​កម្ពុជា ប្រសិនបើ​ភាគី​រុស្សី​ទ​ទូល​បាន​ជោគជ័យ​ក្នុង​ការផលិត​វ៉ាក់សាំង​នេះ​នាពេលខាងមុខ។

លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី​ប្រចាំ​កម្ពុជា បាន​ទទួលយក​សំណើ​ទាំងនេះ ដើម្បី​ជម្រាបជូន​រដ្ឋាភិបាល​រុស្សី និង​សន្យាថា នឹង​ផ្តល់ព័ត៌មាន​មក​ភាគី​កម្ពុជា​វិញ​នាពេលឆាប់ៗខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here