ដោយៈរ៉ាណេត
មណ្ឌលគីរីៈ នៅក្នុងផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២០-២០៣៥ គ្រោងអភិវឌ្ឍន៍ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដែលស្ថិតនៅប៉ែកឦសានប្រទេស ទៅជាក្រុងពហុបំណង ដែលជាបណ្តុំពាណិជ្ជកម្មទេសចរណ៍ និងមណ្ឌលកម្សាន្តយ៉ាងសម្បូរបែប។

ក្រសួងទេសចរណ៍កាលពីសប្តាហ៍មុន បានបង្ហើបពីគម្រោងនៃផែនការមេឆ្នាំ២០២០-២០៣៥ ក្នុងការអភិវឌ្ឍន៍ និងកែប្រែមុខមាត់ខេត្តមណ្ឌលគីរីឱ្យក្លាយទៅជាគោលដៅទេសចរណ័លំដាប់អន្តរជាតិកម្រិតខ្ពស់ ជាពិសេសក្រោយពេលគម្រោងសាងសង់ព្រលានយន្តហោះ ដែលស្ថិតនៅក្នុងស្រុកអូរាំងត្រូវបានបញ្ចប់ជាស្ថាពរ។
នៅក្នុងផែនការមេដែលគ្រោង នឹងដាក់ឆ្លងការសម្រេចពីសំណាក់រាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយនេះ នឹងមានការអភិវឌ្ឍន៍ជាច្រើនកន្លែង រួមជាមួយនឹងការបង្កើនតំបន់ទេសចរធម្មជាតិកែច្នៃ ដែលជាផលិតផលទេសចរណ៍ថ្មីៗទាំងនៅក្នុងក្រុង និងតំបន់ជាប់ក្រុងសែនមនោរម្យ ហើយក្នុងនោះក៏មានគម្រោងកែប្រែ ស្រុកអូររាំងទៅជាក្រុងរណបផងដែរ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់កម្សាន្តនៅក្នុងខេត្តមណ្ឌលគីរីបានមានប្រសាសន៍ថា គ្រប់ផែនការ និងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តរហូតមកដល់ពេលនេះ ដូចជា មិនទាន់មានគម្រោងណាមួយដែលធ្វើមិនបាននោះទេ ផ្ទុយទៅវិញគឺមានតែការអនុវត្តលឿននិងបញ្ចប់មុនផែនការ។
លោកឧកញ៉ាបានបន្តថា“ក្នុងយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោហ៊ុន សែន គឺតែងទទួលបាននូវភាពជោគជ័យ ជាមួយលទ្ធផលផ្លែផ្កាគួរជាទីមោទន ស្ទើរគ្រប់ផ្នែក ដែលក្នុងនោះមិនថាការបង្កើតក្រវាត់ក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្តក្រុងនៅទូទាំងប្រទេស ក៏ដូចជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ”។
លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បន្តថា នៅក្នុងផែនការមេដែលលើកឡើង ដោយក្រសួងទេសចរណ៍ខាងលើនេះ គឺមិនមានអ្វីខុសឆ្គង់នោះទេ ពោលគឺស្របទៅនឹងសក្ដានុពលរបស់ខេត្តដែលមានស្រាប់ បន្ថែមនូវការអភិវឌ្ឍន៍បន្ថែមក្រោមការចូលរួមពីវិស័យឯកជន។ ជាក់ស្ដែង នៅត្រឹមដំណាក់កាលនាពេលនេះ យើងឃើញមានវិស័យឯកជនបានបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ធាប់ ទៅលើការវិនិយោគក្នុងវិស័យទេសចរណ៍ដូចជាការបង្កើតតំបន់កម្សាន្ត ការបង្កើតជាបឹងហ្គាឡូជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទេសចរដែលកើនឡើងយ៉ាងគំហុកនៅក្នុងខេត្តមួយនេះ ហើយទាំងអស់នេះ ក៏ជាផ្នែកមួយស្ថិតនៅក្នុងផែនការមេរបស់ក្រសួងទេសចរណ៍រួចជាស្រេច។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានបង្ហាញពីក្ដីសាទរចំពោះគម្រោង និងផែនការមេដែលលើកឡើង ដោយក្រសួងទេសចរណ៍ខាងលើនេះ ដែលតាមរយៈផែនការដ៏សំខាន់នេះ នឹងកែប្រែខេត្តមណ្ឌលគីរី ក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិកម្រិតខ្ពស់។
លោកស្រីបានបន្តថា “សក្ដានុពលរបស់ខេត្តមណ្ឌលគីរី គឺមានច្រើនដែលនៅរង់ចាំតែការចូលរួមសហការ ពីវិស័យឯកជាមួយនឹងរាជរដ្ឋាល ដើម្បីជំរុញឱ្យខេត្តមួយនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សតែប៉ុណ្ណោះ”។
លោកស្រីបន្តថា បច្ចុប្បន្នមណ្ឌលគីរី បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញរួចទៅហើយ ហើយប្រសិនបើការអនុវត្តតាមផែនការមេ ដូចដែលបានគ្រោងទុកប្រកបដោយភាពជោគជ័យ នោះគឺជាការសម្រេចបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀតសម្រាប់ខេត្តមួយនេះ៕






