ដោយ ៖ រ៉ាណេត
ពោធិ៍សាត់ ៖ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ឬបន្ទះសូឡា ដែលមានអនុភាពសរុបចំនួន៩០មេហ្គាវាត់ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ ខណៈដែលបច្ចុប្បន្នលទ្ធផលនៃការសាងសង់ជិតបញ្ចប់ក្នុងដំណាក់កាលដំបូងហើយ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ថា គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យខាងលើត្រូវបានវិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd នៅលើផ្ទៃដីសរុប១៣៥ហិចតា ជាមួយដើមទុនប្រមមាណ២៨លានដុល្លារ សម្រាប់ប្រើប្រាស់ដាក់ផ្ទាំងសូឡាសាងសង់អគារ ផ្លូវ និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗទៀត ដែលមានអានុភាពផលិតបច្ចុប្បន្ន៦០មេហ្គាវ៉ាត់ ដោយឡែក៣០មេហ្គាវ៉ាត់ទៀត នឹងបញ្ចប់គម្រោងនៅដើមឆ្នាំ២០២១ខាងមុខ។
លោកបានបន្តថា “កាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន ស្ថានីយផលិតអគ្គិសនីដែលស្ថិតនៅក្នុងភូមិអន្សរក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់មួយនេះបានផលិតថាមពល និងដាក់បញ្ចូលទៅក្នុងបណ្តាញជាតិកម្រិត៣០មេហ្គាវាត់រួចមកហើយ ដោយឡែកដំណាក់កាលបន្ទាប់នៅត្រឹមខែមករា ឬកុម្ភៈ ដើមឆ្នាំ២០២១ខាងមុខនេះ ស្ថានីយនឹងមានលទ្ធភាពក្នុងការផលិត និងដាកើបញ្ចូលបន្ថែមចំនួន៦០មេហ្គាវាត់ ដែលសរុបទាំងអស់មានអនុភាពរហូតដល់៩០មេហ្គាវាត់ ដូចដែលបានគ្រោងទុកនៅក្នុងផែនការមេ”។
សម្រាប់ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០១៩កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចគាំទ្រ និងអនុម័តលើគម្រោងបង្កើតប្រភពផលិតផលិតថាមពលអគ្គិសនីចំនួន២ ទី១គឺស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានទីតាំងដូចបានលើកឡើងខាងលើនេះ ហើយទី២ គឺគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដែលមានអនុភាព ៨០មេហ្គាវាត់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងតំបន់ និងចែកចាយបន្តទៅកាន់បណ្តាខេត្តដែលស្ថិតនៅក្បែរគ្នា៕









