ដោយ ៖ រ៉ាណេត
ក្រចេះៈ គម្រោងសាងសង់ស្ពានឆ្លងទន្លេ ដែលមានប្រវែងជិត២គីឡូម៉ែត្រតភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលគ្រោងសាងសង់ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ និងបម្រើដល់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋអាចនឹងត្រូវដាក់ក្នុងគម្រោងអាទិភាពនៅឆ្នាំ២០២២ ឬឆ្នាំ២០២៣ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលចិន។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះថា គម្រោងសាងសង់ស្ពានឆ្លងទន្លេដែលមានប្រវែង១,៧៦១ម៉ែត្រ តភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំមិនអាចសាងសង់នៅត្រឹមឆ្នាំ២០២១បាននោះទេ ខណៈដែលគម្រោងដ៏ធំមួយនេះ ស្ថិតនៅក្នុងគម្រោងអាទិភាពក្រោយ។
លោក វ៉ា ស៊ីមសូរិយា បានបញ្ជាក់ថា “វានៅអាទិភាពក្រោយ ដោយនៅក្នុងឆ្នាំ២០២១គម្រោងអាទិភាពគឺមានតែ៣ទេ គឺគម្រោងសាងសង់ផ្លូវជាតិ៤១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ ដែលនឹងត្រូវចាប់ផ្តើមសាងសង់។ ដូច្នេះសម្រាប់គម្រោងសាងសង់ស្ពានតភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ អាចនឹងស្ថិតនៅក្នុងឆ្នាំបន្ទាប់ ២០២២ ឬហួសទៅឆ្នាំ២០២៣ក៏អាចថាបាន”។
លោកបន្តថា “នៅក្នុងឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវលេខ៧០c តភ្ជាប់ពីគល់ស្ពានក្រូចឆ្មារ-ស្ទឹងត្រង់ ហើយបន្ទាប់មកទៀតផ្លូវលេខ៥០c នៅកំពង់ធំ-កំពង់លែង រួមជាមួយនឹងផ្លូវផ្សេងៗមួយចំនួន ដែលស្ថិតនៅក្នុងផែនការអាទិភាព។ ប៉ុន្តែបើតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេដវែងនេះ ក៏អាចស្ថិតនៅក្នុងអាទិភាពឆ្នាំ២០២២ដែរ តែខ្ញុំមិនទាន់មានព័ត៌មានលម្អិត និងប្រាកដជាក់ពីគម្រោងស្ពានមួយនេះនៅឡើយនោះទេ”។
ពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ស្ពានតភ្ជាប់ រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍ថា ការសិក្សាសាងសង់ស្ពានេះ បានចប់សព្វគ្រប់អស់ហើយ សៀវ ភៅ និងឯកសារផ្សេងៗមានទំាងអស់ ដោយត្រៀមតែក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិភាក្សាគ្នាចចាតម្លៃជាមួយក្រុមហ៊ុនសាងសង់។
លោកបន្ត “នៅពេលចរចាចប់ និងមានការឯកភាព ព្រមទាំងសុំការអនុញ្ញាតពីសម្តេចតេជោរួចរាល់ហើយនោះ ទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើលិខិតស្នើទៅមិត្តចិនដើម្បីសុំប្រាក់កម្ចី។ នេះគឺជានិតិវិធី តែយ៉ាងណាយើងបានសិក្សារួចរាល់អស់ហើយ”។
លោកបន្ថែមថា “និតិវិធីមិនមែនចេះតែធ្វើស្រួលៗនោះទេ យើងត្រូវចូលរួមសិ ក្សាជាមួយគេ មើលឯកសារហើយ ពិនិត្យ និចចារហើយ រួចបញ្ជូនទៅមិត្តចិន ឱ្យគេពិនិត្យ ឯកភាព ឬមិនឯកភាព មានផលប៉ះពាល់ដល់បរិស្ថានដែរឬទេ ដូច្នេះសូមបងប្អូនយើងឱ្យយល់ផង”៕






