ដោយៈ រ៉ាណេត
ភ្នំពេញៈ ត្បិតថាទីផ្សារប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មស៊ីជម្រៅជាមួយកម្ពុជា ប៉ុន្តែសម្រាប់ការនាំចេញនូវផ្លែស្វាយស្រស់ លើកដំបូងរបស់កម្ពុជានាពេលនេះ វាគឺជាការធ្វើពិពិធកម្មពាណិជ្ជកម្មថ្មីមួយទៀតរបស់កម្ពុជា ហើយក៏ជាបទពិសោធន៍ថ្មីផងដែរសំេាប់អ្នកនាំចេញកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះថា ក្នុងដំណាក់កាលនេះ វាគឺជាជំហានដំបូងរបស់កម្ពុជា ហើយក៏ជាបទពិសោធន៍ថ្មីផងដែរ លើការនាំយកផលិតផលកសិផលផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន។
លោកឧកញ៉ាបានបញ្ជាក់ថា កាលពីពេលកន្លងទៅ ការនាំស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ធ្លាប់មានរួចមកហើយតាមរយៈក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនក្នុងស្រុករបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ហើយរហូតនាំយកទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។ ប៉ុន្តែសម្រាប់ការនាំចេញទៅកានើទីផ្សារប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់កម្ពុជានៅពេលនេះ វាគឺជាលើកដំបូង ហើយក៏ជាបទពិសោធន៍ថ្មីផងដែរ។
លោកឧកញ៉ាបញ្ជាក់ថា “ប្រសិនបើការនាំចេញលើកដំបូងនេះ ទទួលបានលទ្ធផលល្អ នោះវានឹងក្លាយជាចលករថ្មីជួយជំរុញ និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បន្ថែមទៀត ហើយកាន់តែល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបង្កើនផលលើដំណាំស្វាយ និងកំពុងមានឧបសគ្គទីផ្សារនាពេលបច្ចុប្បន្ន”។
បច្ចុប្បន្ន អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់ សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិនមានចំនួន៤៨ក្រុមហ៊ុនរួមមានម្ចាស់ចម្ការ និងសហគមន៍កសិកម្ម។
នៅក្នុងដំណាក់កាលទី១: អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្រ្តីជំនាញចុះពិនិត្យ វាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន០៥ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ចំនួន១ និងបានផ្ញើជូនGACC កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
ជាមួយគ្នានេះ ដើម្បីបំពេញតាមលក្ខខណ្ឌ តម្រូវភូតគាមអនាម័យឱ្យបានល្អសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តសកម្មភាពមួយចំនួន នៅតាមទីតាំងចម្ការដែលបានដាក់ពាក្យស្នើសុំឱ្យបំពេញបាននូវលក្ខខណ្ឌ តម្រូវភូតគាមអនាម័យរបស់ប្រទេសចិន៕






