ខេត្តព្រះសីហនុ ទទួលបានចំណូលជាង ២,២២លានដុល្លារ ពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន

0

ដោយ ៖ វត្ថា

ព្រះសីហនុ ៖ លទ្ធផលនៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅក្នុងខេត្តព្រះសីហនុ សម្រេចបានជិត៨៩០០លានរៀល ស្មើនឹងជាង ២,២២លានដុល្លារនៅក្នុងឆ្នាំ២០២០ ជាមួយចំនួនយានយន្តសរុប ១៦,២៥០គ្រឿង។

ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក សន ស៊ីផល បានឱ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះថា ការប្រមូលពន្ធលើមធ្យោបាយដឹងជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក ដោយសាខាពន្ធដារខេត្តព្រះសីហនុប្រមូលថវិកាលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទមានចំនួន ១៦,២៥០គ្រឿង និងប្រមូលថវិកាបានចំនួន ៨,៨៩៦,៥១០,០០០រៀល បើធ្វើការប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មានយានយន្តកើនឡើងចំនួន ៣,១៨១គ្រឿង និងប្រាក់ពន្ធកើនឡើង ១,៨២៦,៩៨០,០០០រៀល ស្មើនឹង២៥ភាគរយ។

លោកបានបន្តឱ្យដឹងបន្ថែមទៀតថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទមានការកើនឡើងក្នុងឆ្នាំ២០២០នេះ ដោយសារតែបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹកពីកាតព្វកិច្ចបង់ពន្ធចូលមកបង់ពន្ធ នៅតាមសាខាពន្ធដារ និងតាមធនាគារនានាបានទាន់ពេលវេលាមានការកើនឡើងជាបន្ត បន្ទាប់ជារៀងរាល់ឆ្នាំ ទោះបីកម្ពុជា និងពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង កូវីដ-១៩ យ៉ាងណាក៏ដោយ។

លោកប្រធានសាខាពន្ធដារបានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបើកសិក្ខា សាលាផ្សព្វផ្សាយអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តនានាដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុង ស្រុក ឃុំ សង្កាត់ ស្តីពីកាតព្វកិច្ចបង់ពន្ធជូនដល់បងប្អូនប្រជាពលរដ្ឋ។

បច្ចុប្បន្នប្រជាពលរដ្ឋមានការយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋកាន់តែច្រើន ពួកគាត់បាននាំគ្នាចូលមកបង់ពន្ធជូនរដ្ឋនៅតាមស្នាក់ការសាខាពន្ធដារក្រុង ស្រុក និងតាមធនាគារដែលបានសហការចុះកិច្ចព្រមព្រៀង (MOU) ជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងការប្រមូលពន្ធនៅតាមធនាគារ មានដូចជាធនាគារអេស៊ីលីដា ធនាគារការណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជា សាធារណៈ និងធនាគារ ANZ រ៉ូយ៉ាល់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here