ដោយៈ រ៉ាណេត
កណ្តាលៈ ស្រុកកៀនស្វាយ ដែលជាចំណុះខេត្តកណ្តាល មានព្រំប្រទល់ជាប់រាជធានីភ្នំពេញ ទទួលបានគម្រោងវិនិយោគធំៗចំនួន៣ព្រមគ្នា ដែលមានទុនសរុបរហូតដល់ជិត១១០លានដុល្លារ លើការសាងសង់រោងចក្រផលិតស្រាបៀរ រោងចក្រផលិតជីកសិកម្ម និងរោងចក្រផលិតផលិតផលពីប្លាស្ទិក។
តាមរយៈសេចក្ដីប្រកាសជាផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃចុងស ប្ដាហ៍នេះបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគាំទ្រ និងអនុម័តទាំងស្រុកទៅលើគម្រោងវិនិយោគធំៗចំនួន៣ស្ថិតនៅក្នុងស្រុកកៀន ជាមួយទុនសរុបជិត១១០លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានជិត៨០០នាក់។
គម្រោងទាំង៣ ដែលទើបតែទទួលបានការអនុម័ត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រួមមានក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD ជាគម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) មានទីតាំងស្ថិតនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ១១,៧លានដុល្លារ អាចបង្កើតការងារបានចំនួន៥២កន្លែង។
ក្រុមហ៊ុន RUIZEXING CHEMICAL TECHNOLOGY CO., LTD ជាគម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្មមានទីតាំង ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២០,១លានដុល្លារ បង្កើតការងារបានចំនួន១៧៤កន្លែង។
ក្រុមហ៊ុន INTER-MATTRID BEVERAGE (CAMBODIA) CO., LTD ជាគម្រោងដែលធំជាងគេ គឺបង្កើតរោងចក្រផលិតស្រាបៀរ មានទីតាំងស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគចំនួន៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៥០កន្លែង។
ជាមួយនឹងការសម្រេចគាំទ្រ ទៅលើគម្រោងទាំងអស់ខាងលើនេះ រាជរដ្ឋាភិបាលក៏បានកំណត់ និងតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងវិនិយោគ ធ្វើរបាយការណ៍ពីផលប៉ះពាល់នានានៃគម្រោង ដល់ប្រជាពលរដ្ឋ សង្គម និងបរិស្ថាន ដើម្បីអាចធ្វើឱ្យគម្រោងមានដំណើរដោយរលូន។
បច្ចុប្បន្ននៅក្នុងស្រុកកៀនស្វាយ ជាពិសេសនៅតាមតំបន់ផ្លូវជាតិលេខមួយ បាន និងកំពុងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដែលក្នុងនោះវិស័យលំនៅដ្ឋាន បានបង្ហាញពីភាពលេចធ្លោ ជាមួយនឹងគម្រោងបុរីលំនៅដ្ឋានជាច្រើន ដូចជា គម្រោងបណ្ដុំកៀនស្វាយផ្លាហ្សា បុរីកៀនស្វាយផាក ជាពិសេសគម្រោងអភិវឌ្ឍន៍សួនកម្សាន្ត ដែលមានតម្លៃរាប់រយលានដុល្លារ។ បន្ថែមពីនេះ នៅមានគម្រោងពង្រីកកំពង់ផែភ្នំពេញ រួមជាមួយនឹងគម្រោងបង្កើតកំពង់ផែទេសចរណ៍ផងដែរ ដែលជំរុញឱ្យតំបន់កាន់តែមានសក្ដានុពល៕