ដោយៈ រ៉ាណេត
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីក្ដីរំពឹង និងជឿជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌា – ប្រទេសតំបន់ទន្លេមេគង្គ ដែលក្នុងនោះរួមមានកម្ពុជាផងដែរនោះ នឹងអាចបង្កើតនូវសមិទ្ធលថ្មីដោយការបង្កើនទំហំពាណិ្ជកម្មកាន់តែធំ និងមានទំហំវិនិយោគកាន់តែច្រើនបន្ថែមទៀត។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឈួន ដារ៉ា នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានបង្ហាញពីសុទិដ្ឋិនិយមថា កម្ពុជាអាចចាប់យកឱកាសទាក់ទាញវិនិយោគបន្ថែមពីកិច្ចប្រជុំសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌា និងប្រទេសទន្លេមេគង្គចំនួន៤ប្រទេស ហៅកាត់ថា CLMV។
លោកឈួន ដារ៉ា នៅក្នុងវេទិកា 6th India-CLMV Business Conclave 2020 លើកទី៦បានលើកឡើងថា “កិច្ចសហប្រតិបត្តិការល្អវាងឥណ្ឌា និងប្រទេសជាសមាជិក CLMV ពិតជាអាចឱ្យកម្ពុជាចាប់យកឱកាសអភិវឌ្ឍន៍ ប្រកបដោយចីរភាពរវាងប្រទេស និងប្រទេសព្រមទាំងតំបន់ទាំងមូល”។ លោកបានបញ្ជាក់ថា “នៅក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំដែលពិភពលោកបានប្រឈមមុខនឹងបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ដែលបានជះឥទ្ធិពលដល់កម្ពុជា និងក្នុងពិភពលោកទាំងមូល ហើយបណ្តាប្រទេស CLMV និងឥណ្ឌាក៏បានឆ្លងកាត់បញ្ហាប្រឈមនេះផងដែរ”។
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចឆ្នើមប្រមាណ៧,១ភាគរយក្នុងមួយឆ្នាំ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ទាក់ទងនឹងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានការកើនឡើងយ៉ាងខ្លាំងពី៩២៨លានដុល្លារក្នុងឆ្នាំ២០០៩ ដល់៣១០០ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ លំហូរវិនិយោគផ្ទាល់ពីបរទេសផ្តោតសំខាន់លើឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មកែច្នៃ កសិកម្ម សំណង់ និងទេសចរណ៍។
ដោយឡែកសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចក្តីរំពឹងទុករបស់ភាគីទាំងពីរ។ នៅឆ្នាំ២០១៩ យោងតាមទិន្នន័យផ្ទាល់ខ្លួនរបស់កម្ពុជា តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាមានចំនួន ២៥៦លានដុល្លារសហរដ្ឋអាមេរិក បាននាំចេញទៅប្រទេសឥណ្ឌាក្នុងតម្លៃ ៦៤,៦៧ លានដុល្លារ និងនាំចូលពីប្រទេសឥណ្ឌាក្នុងតម្លៃ១៩១,៥៩ លានដុល្លារ៕






