កម្ពុជា កំពុងរៀបចំសាងសង់ឃ្លាំងស្តុកវ៉ាក់សាំង Covid-19 មានសីតុណ្ហភាព ៨០អង្សារក្រោមសូន្យ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមរយៈសារជាសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ឱ្យដឹងថា ពេលនេះក្រសួងសុខាភិបាលបាន និងកំពុងរៀបចំសាងសង់សឃ្លាំងសុវត្ថិភាពសម្រាប់ស្តុកវ៉ាក់សាំង Covid-19 ដែលមានកំណត់សីតុណ្ហភាពរហូតដល់៨០អង្សារក្រោមសូន្យ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “លោកជំទាវ យក់ សម្បត្តិ បានរាយការណ៍ឱ្យខ្ញុំបានដឹងអំពីការសាងសង់ឃ្លាំង សម្រាប់ការស្តុកទុក ដែលនៅក្នុងកន្លែងស្តុកទុកនោះ យើងអាចស្តុកទុកគឺមានកម្រិតរហូតទៅដល់ ៨០អង្សារក្រោមសូន្យ (-៨០អង្សារសេ)។ ប៉ុន្តែក៏មានក្នុងកម្រិត ៤០អង្សារ (ក្រោមសូន្យ) ឬក៏ ៣០អង្សារ (ក្រោមសូន្យ) ឬក៏ប៉ុន្មានអង្សារ។ ក៏ប៉ុន្តែកម្រិតអតិបរមា គឺបានទៅដល់ ៨០អង្សារក្រោមសូន្យឯណោះ។ អ៊ីចឹងកន្លែងស្តុក មិនជាពិបាកពេកទេ ជំរុញនូវការសាងសង់ រួចទម្រាំនឹងការបញ្ជាទិញ ល្មមស៊ីសង្វាក់គ្នា ជាមួយនឹងការមកដល់នៃវ៉ាក់សាំង”។

សម្រាប់វ៉ាក់សាំងដែលនឹងត្រូវបញ្ជាទិញក្នុងជំហានដំបូង ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បានត្រៀមទិញចំនួន1លានដូស ដើម្បីចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ នៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ប៉ុន្តែពុំទាន់កំណត់ថា នឹងទិញពីប្រទេសណានៅឡើយនោះទេ ហើយសម្តេចបានស្នើយោបល់ថា ក្រុមគ្រូពេទ្យគួរតែជាជម្រើសអាទិភាពទីមួយសម្រាប់ការទទួលវ៉ាក់សាំង បន្ទាប់មកគឺគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here