ជប៉ុនប្រកាសទម្លាក់កញ្ចប់ថវិកាថ្មី៧០៨ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច

0

ដោយៈសុខុម

តូក្យូៈ នាយករដ្ឋមន្ត្រីជប៉ុន លោកយូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បានថ្លែងកាលពីថ្ងៃអង្គារទី៨ខែធ្នូនេះថា ប្រទេសជប៉ុន នឹងប្រមូលកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចថ្មីចំនួន ៧៣,៦ទ្រីលានយ៉េន (៧០៨ពាន់លានដុល្លារអាមេរិក)។

លោកនាយករដ្ឋមន្រ្តីជប៉ុន បានបង្ហាញជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា លោកកំពុងប្រឹងប្រែងស្ដារប្រទេស ឱ្យងើបផុតពីសេដ្ឋកិច្ចដាំក្បាលចុះ ដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩។

ក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីជាន់ខ្ពស់ នៃបក្សកាន់អំណាច លោកយូស៊ីហ៊ីដេ ស៊ូ ហ្គាបានលើកឡើងថា កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចថ្មីនេះ នឹងរួមបញ្ចូលការចំណាយសារពើពន្ធប្រមាណ៤០ទ្រីលានយ៉េន (៣៨៤ពាន់លានដុល្លារអាមេរិក)។

រដ្ឋាភិបាល គ្រោងអនុម័តកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចនេះ ជាដំណាក់កាលចុងក្រោ​យនៅថ្ងៃអង្គារដដែល។ ការទម្លាក់កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចនេះធ្វើឡើង ក្រោយពីទម្លាក់កញ្ចប់ថវិកា២លើករួចមកហើយ បន្ទាប់ពីប្រមូលបាន២,២ទ្រីលានដុល្លារអាមេរិក ដែលបានផ្ដោតលើការដោះស្រាយការលំបាក ជាបន្ទាន់របស់ប្រជាជន និងអាជីវកម្ម។

លោកយូស៊ីហ៊ីដេ ស៊ូហ្គា មានប្រសាសន៍ក្នុងកិច្ចប្រជុំខាងលើថា “វិធានការស្ដារសេដ្ឋកិច្ចថ្មីនេះនឹងជួយជំរុញ “កំណើនសេដ្ឋកិច្ចថ្មី”។

កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចនេះ ទំនងជារាប់បញ្ចូលការឧបត្ថម្ភធន និងគ្រឿងលើកទឹកចិត្តដល់ក្រុមហ៊ុននានា ដើម្បីលើកកម្ពស់ការវិយោគបៃតង និងការចំណាយលើការធ្វើឌីជីថលនីយកម្ម ជាវិស័យមួយដែលលោក យូស៊ីហ៊ីដេ ស៊ូហ្គា ធ្លាប់បានបង្ហាញថា ជាអាទិភាពមួយក្នុងគោលនយោបាយអាទិភាពសំខាន់ៗរបស់លោក។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានរើបឡើងអំឡុងខែកក្កដា ដល់ខែកញ្ញា ពីការធ្លាក់ចុះខ្លាំងបំផុតក្នុងត្រីមាសទី២ ប៉ុន្តែអ្នកវិភាគជាច្រើនរំពឹងថា រលកទី៣ នៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩ នឹងធ្វើឱ្យសេដ្ឋកិច្ចមានឱកាសងើបឡើងតិចបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here