ដោយវុត្ថា
ភ្នំពេញៈ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់វិនិយោគ លើវិស័យអគ្គិសនីចំនួន៧ គម្រោងនៅក្នុងឆ្នាំនេះ ដែលបានស្នើរឡើងដោយរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការរីកចំរើនរបស់ប្រទេសកម្ពុជា និងទាក់ទាញវិនិយោគបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា លោក ឡេង ប៉េងឡុង បានឱ្យដឹងកាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០កន្លងនេះថា កម្ពុជាត្រូវមានច្បាប់ ដើម្បីទាក់ទាញវិនិយោគិនបរទេសដោយក្នុងនោះ នៅក្នុងឆ្នាំ២០២០ នេះ រដ្ឋសភាបានអនុម័តសំខាន់ជាច្រើន ដូចជា ច្បាប់វិនិយោគលើវិស័យអគ្គិសនី ច្បាប់សំណង់ ច្បាប់សម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម ច្បាប់មូលបត្ររដ្ឋ ច្បាប់ល្បែងពាណិជ្ជកម្ម និងច្បាប់ជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងត្រូវតម្រូវការចាំបាច់របស់ប្រទេស។
លោកបន្តថា “ច្បាប់ទាំងអស់នេះ បានជួយច្រើនក្នុងទាក់ទាញ វិនិយោគពីក្រៅប្រទេសមកកាន់កម្ពុជា ដើម្បីរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ” ។ លោកបន្យល់ថា “សម្រាប់ការអនុម័តច្បាប់វិនិយោគលើវិស័យអគ្គិសនីចំនួន៧នេះ ធ្វើឡើងដើម្បីទាក់ទាញវិនិយោគ និងធ្វើយ៉ាងខិតខំបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនជាតិ និងអន្តរជាតិ” ។
លោកប៉េងឡុងបានបន្តថា វិស័យអគ្គិសនីមានតម្រូវការច្រើនទាំងប្រជាពលរដ្ឋ វិនិយោគិនជាតិ និងអន្តរជាតិ រួមជាមួយនឹងបណ្តារោងចក្រសហគ្រាសផ្សេងៗ ដែលមានតម្រូវការលើវិស័យអគ្គិសនីនេះ។ នៅពេលតម្លៃអគ្គិសនីចុះថោក នឹងធ្វើឱ្យមានការទាក់ទាញវិនិយោគិនមកពីបរទេស។
យោងតាមរបាយការណ៍របស់រដ្ឋសភាបង្ហាញថា រដ្ឋសភាបានអនុម័តគម្រោងវិនិយោគចំនួន៧នៅក្នុងឆ្នាំនេះ នៅក្នុងចំណោមច្បាប់ផ្សេងៗទៀត រួមមានច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃកម្ពុជាឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ីនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើដោយពន្លឺព្រះអាទិទ្យ អនុភាព៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។
ច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃកម្ពុជា ឲ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព២៦៥មេហ្គាវ៉ាត់ នៅខេត្តឧត្តរមានជ័យ។
ច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃកម្ពុជា ឲ្យក្រុមហ៊ុន ហាន សេងខូល ម៉ាញ សម្រាប់គម្រោងវិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុធ្យួងថ្ម ខេត្តបន្ទាយមានជ័យ មកស្ថានីយសៀមរាបខាងកើត។
ច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃកម្ពុជាឲ្យក្រុមហ៊ុន ហ្គ្រីន សឺស្គែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើដោយពន្លឺព្រះអាទិទ្យ អនុភាព២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។
ច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃកម្ពុជា ឲ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ ផលិតអគ្គិសនី ដើដោយពន្លឺព្រះអាទិទ្យ អនុភាព៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។

ច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃកម្ពុជា ឲ្យក្រុមហ៊ុន រ៉ាយសិន រេតនីជី (ខេមបូឌា)បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើដោយពន្លឺព្រះអាទិទ្យអនុភាព៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។ និងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃកម្ពុជា ឲ្យក្រុមហ៊ុន ស្មេថេក អ៊ីនហ្វីនី ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ៍ ផលិតអគ្គិសនី ដើដោយពន្លឺព្រះអាទិទ្យ អនុភាព៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់៕






