ក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នេរមាសតេជោសែនកំពុងពន្លឿនសកម្មភាពសាងសង់ និងបញ្ចប់ឱ្យបានឆាប់រហ័សតាមផែនការ

0

ដោយ ៖ រ៉ាណេត
កំពត ៖ ឆ្នេរមាសតេជោសែន ជាឆ្នេរកម្សាន្តដ៏ធំលើកដំបូងបង្អស់របស់ខេត្តកំពត ដែលត្រូវបានបង្កើតឡើងដោយកិច្ចសហការរវាងរដ្ឋបាលខេត្តជាមួយក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ក្នុងរយៈពេលប្រមាណ២ឆ្នាំនៃការស្ថាបនា ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ថា ដោយសំអាងផ្អែកលើតួនាទីភារកិច្ចរបស់អនុគណៈកម្មការនីមួយៗដែលសម្រេចនៅពេលខាងមុខនេះ នឹងបង្កឱ្យមានភាពងាយស្រួលក្នុងការអនុវត្តន៍ការងារត្រួតពិនិត្យ និងគ្រប់គ្រងការអភិវឌ្ឍរបស់ក្រុមហ៊ុន ( IGB) សំដៅធ្វើយ៉ាងណាឱ្យគម្រោងមួយនេះមានការអភិវឌ្ឍបានឆាប់រហ័ស។

បន្ទាប់ពីសម្រេចបានលទ្ធផលលេចចេញជារូបរាងឡើងពិតប្រាកដក្រោយការស្ថាបនា តំបន់ឆ្នេរមាសតេជោសែន នឹងអាចទាក់ទាញប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសម្រាកលំហែកម្សាន្តនៅពេលខាងមុខឆាប់ៗនេះជាក់ជាមិនខាន។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើន កំពុងទន្ទឹងរង់ចាំមើល ថាតើឆ្នេរខ្សាច់កម្សាន្តរបស់ខេត្តកំពត ស្អាត និងទាក់ទាញដល់កម្រិតណា ស្របពេលដែលកន្លែងកម្សាន្ត ដ៏ទាក់ទាញថ្មីៗជាច្រើន ត្រូវបានបង្កើត ឡើងជាហែហូរ។ ប៉ុន្តែមកដល់ថ្ងៃនេះ ឆ្នេរសិប្បនិម្មិត ដែលត្រូវបានកំណត់ឈ្មោះថាឆ្នេរមាសសម្តេចតេជោ នោះនៅមិនទាន់ស្ថាបនារួចរាល់នៅឡើយទេ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា អ្វីដែលរាជរដ្ឋាភិបាលបានសម្រេចថា ត្រូវអភិវឌ្ឍហើយ ត្រូវនាំគ្នាសហការ ជំរុញដល់ដំណើរការអភិវឌ្ឍន៍នោះ ដោយត្រូវធ្វើជាបណ្តើរៗ មិនអាចរង់ចាំ ឬប្រើលេសច្រើនបានទេ ព្រោះនៅក្នុងកិច្ចសន្យាសុំធ្វើការអភិវឌ្ឍ ក៏បានកំណត់ពេលច្បាស់លាស់រួចហើយដែរ។

ដោយឡែកសម្រាប់ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់បង្កើនល្បឿនការងារ បង្កើនកម្លាំង គ្រឿងចក្រឱ្យ បានច្រើន ដើម្បីបញ្ចប់ការងារតាមផែនការ ដែលបានកំណត់ទុក ប៉ុន្តែត្រូវគោរពតាមគំនូសប្លង់បច្ចេកទេស ដែលមានការចូលរួមសហការពីជំនាញពាក់ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យនៅតិចបំផុត។

គម្រោងអភិវឌ្ឍបង្កើតតំបន់ឆ្នេរខ្សាច់ថ្មីសិប្បនិមិត្តនេះ រដ្ឋបាលខេត្តកំពត បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនវិនិយោគឯកជន (IGB) Cambodia CO.LTD ដែលបានអនុវត្តអស់រយៈពេលប្រមាណ ២ឆ្នាំរួចមកហើយ លើផ្ទៃដីប្រមាណ ២៣៤ហិកតា ដោយមានការបែងចែកផលប្រយោជន៍តាមសមាមាត្រផ្ទៃដី៦០ភាគរយ សម្រាប់ក្រុមហ៊ុន IGB Cambodia CO.LTD និងផ្ទៃដី៤០ភាគរយទុកជូនរដ្ឋក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពត ពោលគឺក្រុមហ៊ុន IGB គ្រប់គ្រងលើផ្ទៃដីទំហំ១២០ហិកតា រដ្ឋបាលខេត្តកំពតទំហំផ្ទៃដី ៨០ហិកតា និង៣៤ហិកតាទៀតសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here