រដ្ឋាភិបាលសម្រេចលើកលែងការបងថ្លៃបន្តអាជ្ញាប័ណ្ណអាជីវកម្មទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍បានសម្រេចប្រកាសលើកលែងការបង់ថ្លៃបន្តអាជ្ញាប័ណ្ណអាជីវកម្មទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ ដើម្បីជួយសម្រាលបន្ទុក ដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺ Covid-19។

នៅក្នុងសេចក្តីជូនដំណឹងចេញដោយក្រសួងទេសចរណ៍ដែលគេហទំព័រ Property Area Asia ទទួលបាននៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដើម្បីជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករ-និយោជិតក្នុងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចលើកលែងការបង់ថ្លៃបន្តអាជ្ញាប័ណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២១ ដែលនឹងចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រតិបត្តិករទេសចរណ៍នៅតែមានកាតព្វកិច្ចស្នើសុំបន្តអាជ្ញាប័ណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២១ ហើយការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មីគ្រប់ប្រភេទ និងការអនុវត្តវិន័យអន្តរការណ៍ជាប្រាក់សម្រាប់អាជ្ញាប័ណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរក្សាការអនុវត្តការបង់កម្រៃដដែលស្របតាមប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងទេសចរណ៍។

ក្រោមឥទ្ធិពលនៃផលប៉ះពាល់ពីការរីករាលដាលជំងឺ Covid-19 រាជរដ្ឋាភិបាលបានសម្រេចលើកលែងផ្នែកពន្ធដារដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដែលជាផ្នែកមួយនៃវិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺនេះ។ ដោយឡែកតាមរយៈតួលេខពីក្រសួងទេសចរណ៍បង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា មានចំនួន ១,២៦ លាននាក់ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ ធ្លាក់ចុះប្រមាណ ៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here