កម្ពុជា និងប្រទេសចំនួន៣ផ្សេងទៀតអនុម័តលើឯកសារក្របខណ្ឌស្ដីពីការអភិវឌ្ឍ និងគម្រោងអាទិភាពសម្រាប់ប្រទេស

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មេដឹកនាំប្រទេសកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រួមជាមួយនឹងប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បានអនុម័តទៅលើផែនការសកម្មភាពសម្រាប់ប្រទេសទាំង៤ សម្រាប់ឆ្នាំ២០២១-២០២២ ដែលផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញការអភិវឌ្ឍ និងគម្រោងអាទិភាពសម្រាប់ប្រទេស។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយកិច្ចប្រជុំកំពូលមេដឹកនាំប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ តាមប្រព័ន្ធវីដេអូ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួន បានអនុម័តលើសេចក្តីថ្លែងការណ៍ ៣សំខាន់ ក្នុងនោះ គឺសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលនៃប្រទេសទាំងបួន អនុម័តលើឯកសារក្របខណ្ឌស្ដីពីការអភិវឌ្ឍនៃប្រទេសទាំងបួន និងបញ្ជីគម្រោងអាទិភាព សម្រាប់ប្រទេសទាំងបួន។

ថ្នាក់ដឹកនាំ CLMV ក៏បានប្ដេជ្ញាជំរុញការតភ្ជាប់លើវិស័យដឹកជញ្ជូន បច្ចេកវិទ្យា អភិវឌ្ឍន៍ធនធានមនុស្ស ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញការកាត់បន្ថយគម្លាត នៃសមាជិកនីមួយៗនៃប្រទេសទាំងបួន។ កិច្ចប្រជុំកំពូលនេះ គឺផ្ដោតសំខាន់ ទៅលើការជំរុញការតភ្ជាប់តំបន់ ប្រកបដោយប្រសិទ្ធភាព និងជំរុញឲ្យកិច្ចសហប្រតិបត្តិការកាន់តែមានការកើនឡើង។

ថ្នាក់ដឹកនាំ ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើសមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន ជាពិសេសការជំរុញការតភ្ជាប់គ្រប់វិស័យ ដូចជាវិស័យដឹកជញ្ជូន ថាមពល ICT និងអាកាសចរស៊ីវិលផងដែរ។ មួយទៀត គឺការតភ្ជាប់រយករវាងប្រជាជន និងប្រជាជន ដោយផ្ដោតទៅលើការអភិវឌ្ឍធនធានមនុស្ស។ កន្លងទៅនេះ ទៅវៀតណាម ក៏បានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់កម្ពុជា ឡាវ មីយ៉ាន់ម៉ា ជាមួយនឹងការអភិវឌ្ឍការតភ្ជាប់ទេសចរណ៍ រវាងប្រទេសទាំង៤ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញជម្រុញការលើកកម្ពស់សមាហរណកម្មនៅក្នុងតំបន់ ផ្តោតលើការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដោយបន្តលុបបំបាត់នូវឧបសគ្គទាំងឡាយ ដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម ដោយជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងបួនផងដែរ។ ជាងនេះទៀត គឺការសមាហរណកម្មតំបន់ប្រកបដោយប្រសិទ្ធភាព ទាមទារនូវការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូនថាមពលពាណិជ្ជកម្ម ដែលមានទំហំធំនេះ។

សម្ដេចក៏បានជំរុញឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍ ឲ្យកាន់តែល្អប្រសើរថែមទៀត និងការជំរុញការអភិវឌ្ឍ និងពង្រឹងធនធានមនុស្ស អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម ដើម្បីជំរុញភាពប្រកួតប្រជែង ដើម្បីជំរុញកាត់បន្ថយគម្លាត នៃការអភិវឌ្ឍនៃប្រទេសទាំងបួន។ សម្ដេចតេជោ បានអំពាវនាវឲ្យមានការកៀរគរ ស្វែងរកការជួយគាំទ្រពីបណ្ដាប្រទេសចិន កូរ៉េខាងត្បូង ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here