ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងត្រូវបានពន្លឿនការសាងសង់យ៉ាងសកម្មរបស់ក្រុមហ៊ុនសាង់សងចិន ដើម្បីបញ្ចប់នៅត្រឹមខែឧសភា ឆ្នាំ២០២១ តាមការគ្រោងទុក ខណៈដែលបច្ចុប្បន្នសម្រេចបានជាង៨៥ភាគរយហើយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ថា ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនបានសាងសង់ប្រមាណជា៨៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។
លោកបានបញ្ជាក់ថា “គិតមកដល់ពេលនេះ សំណង់បានសាងសង់ប្រមាណជា៨៥ភាគរយហើយ ដោយភាគីចិនបានពន្លឿនការងារបានច្រើន ក្នុងនោះបានបំពាក់ដំបូល ជារចនាបថក្បាច់ផ្កាចន្ទបាន ១០ភាគរយ ទៅ ២០ភាគរយ បំពាក់កៅអីមានពណ៌ចម្រុះបន្ថែម មានព៌ណស ខៀវ និងបៃតង។ បន្ទាប់ពីបញ្ចប់ការសាងសង់ ពហុកីឡដ្ឋាជាតិមរតកតេជោនឹងរៀបចំការប្រកួតសាកល្បង ដូចជាកីឡាបាល់ទាត់ ជាពិសេសការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជា-ចិន ដើម្បីអបអរសាទរពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានអធិកអធម និងជាការថ្លែងអំណរគុណដល់មិត្តចិនផងដែរ”។
តាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងបញ្ចប់ការសាងសង់នៅត្រឹមខែឧសភា ឆ្នាំ២០២១ ដោយត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេសគឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយ សង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១ នឹងបញ្ចប់ការសាងសង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ ត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិលើកទី៤នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរ ក៏មានភូមិកីឡាដែលកំពុងដំណើរការសាងសង់ដូចគ្នា ដែលជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិក គ្រូបង្វឹក មន្ត្រីកីឡាបានប្រមាណ៧០០០នាក់ ហើយអាចកាត់បន្ថយការចំណាយលើការរៀបចំនេះបានច្រើន ដែលអត្តពលិក គ្រូបង្វឹកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួលក្នុងការប្រកួត ហើយមិនចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម៕






