ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា បច្ចុប្បន្នកម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ក្នុងអាស៊ី ដែលមានផ្ទៃដីទំហំរហូតដល់ប្រមាណ៧,៣លានហិកតា ស្មើនឹងប្រមាណ៤១ភាគរយនៃផ្ទៃប្រទេសសម្រាប់ជាតំបន់ការពារធម្មជាតិ។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ ៤៦,៨៦ភាគរយនៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកនេត្រ ភក្ត្រា បានបញ្ជាក់ថា “មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើតផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយនៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,៣លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន ហើយកម្ពុជាក៏ទទួលបាននូវការកោតសរសើរពីសហគមន៍អន្តរជាតិថាបានអនុវត្តបានល្អលើការការពារនិងអភិរក្សជីវៈចម្រុះ និង បរិស្ថាន ព្រមទាំងបានកសាងកេរ្តិ៍ឈ្មោះល្អ នៅក្នុងឆាកអន្តរជាតិលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្តថែមទៀតផង”។
ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការក្លាយខ្លួនជាប្រទេសស្ថិតនៅលំដាប់ទី២ក្នុងអាស៊ី បច្ចុប្បន្នមានក្រុមហ៊ុនឯកជនកំពុងបណ្តាក់ទុនចូលរួមវិនិយោគដាំកូនឈើរហូតដល់ប្រមាណ៣០លានដើមបន្ថែមទៀតនៅក្នុងត្រឹមរយៈពេល៤ឆ្នាំតែប៉ុណ្ណោះ។
លោក លូ ឈូឆាង នាយកក្រុមហ៊ុនស៊ីងបាយអូថេក(ខេមបូឌា) បានមានប្រសាសន៍ថា ទាំងនៅក្នុងឆ្នាំ២០១៩ និងឆ្នាំ ២០២០ ក្រុមហ៊ុនស៉ីងបាយអូថេក បានដាំកូនឈើប្រភេទប្រេងខ្យល់បានចំនួនជិត ៤លានដើម ហើយរំពឹងថានឹងចាប់ផ្តើមទទួលផលនៅឆ្នាំ២០២៣ ខណៈដើមឈើបច្ចុប្បន្ននេះ មានការលូតលាស់បានល្អប្រកបដោយគុណភាព។ ដោយឡែកនៅអំឡុងខែឧសភា ឆ្នាំ២០២១ ខាងមុខ ក្រុមហ៊ុនបានត្រៀមដាំកូនឈើប្រភេទប្រេងខ្យល់ចន្លោះពី១០ ទៅ១២លានដើមបន្ថែមទៀតនៅពេលចាប់ផ្តើមរដូវវស្សាសាជាថ្មី។
លោកបានបន្តថា “នៅក្នុងផែនការរបស់ក្រុមហ៊ុន បាននឹងកំពុងបន្តផែនការដាំកូនឈើជាង ៣០លានដើម របស់ខ្លួន ក្នុងរយៈពេល៤ឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើ ក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗ”។
ជាមួយនឹងការវិនិយោគលើចម្ការឈើដាំដែលត្រូវបានសាទរ ដោយមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ដែលចាត់ទុកចម្ការឈើដាំជាជម្រើសថ្មីមួយដើម្បី កាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិហួសកំណត់ និងដើម្បីចូលរួមការពារធនធម្មជាតិដែលកម្ពុជានៅសល់នាពេលបច្ចុប្បន្នឱ្យបានគង់វង្ស។
ចាប់តាំងពីដើមខែធ្នូមក ក្រុមហ៊ុនស៉ីងបាយអូថេក បាននឹងកំពុងឈូសឆាយសម្អាត ដីចន្លោះពី៨.០០០ ទៅ ១០.០០០ហិកតា នៅលើផ្ទៃដីសរុបលើផ្ទៃដីសរុបទំហំ ៣៤.០០៧ហិកតា នៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលក្រុមហ៊ុនបានទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ដីព្រៃរបស់រដ្ឋសម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ៕






