ដំណឹងល្អ ! កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ-ក្រុងកំពត សម្រេចបាន៨៣ភាគរយហើយ

0

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ សម្រេចបាន គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២០នេះ សម្រេចបានប្រមាណ៨៣ភាគរយ ហើយបច្ចុប្បន្នកំពុងសាងសង់សួនច្បារចែកទ្រូងផ្លូវ និងសាងសង់ស្ពានរំលងផ្លូវ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅរាជធានីភ្នំពេញដល់ក្រុងកំពតមានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ ដែលសរុបរយៈពេលសាងសង់ត្រឹម៤៨ខែ ។

លោកបានបញ្ជាក់ថា ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ ប៊េតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស (ត្រូវបានពង្រីកពីពីរកន្លងទៅបួនកន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត (មួយគន្លងទៅមួយគន្លងមក)។ គម្រោងនេះចំណាយថវិកាប្រមាណជាង២១៥លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងប្រវែងសរុបជាង១៣៤គីឡូម៉ែត្រ កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត)មាន៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ៤គន្លង(២ទៅ២មក)សួនច្បារកណ្តាល ទទឹង២៤.៥ម និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង(១ទៅ១មក ទទឹង១២ម) ដោយក្រាលបេតុងកៅស៊ូ (AC 70mm)។

នៅពេលកែលម្អរួចរាល់ហើយ ផ្លូវនេះ នឹងចូលរួមចំណែកច្រើនដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញផលិតផល ពិសេសការដឹកជញ្ជូនអំបិលពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗនិងសម្រាប់វិស័យទេសចរណ៍ធ្វើដំណើរទៅកាន់ភូមិភាគទិសនារតីនៃតំបន់សមុទ្រកម្ពុជាផងដែរ។បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនឹងចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗបានច្រើន។ តាមរយៈផ្លូវជាតិលេខ៣នេះ បើមានបងប្អូនប្រជាពលរដ្ឋចង់ធ្វើដំណើរទៅលេងកំពង់សោម ក៏អាចធ្វើ ដំណើររតាមផ្លូវជាតិនេះបានផងដែរ។

ផ្លូវជាតិលេខ៣ (ពិសេសកំណាត់ផ្លូវពីចោមចៅ ទៅបែកគុស) គឺជាភូមិសាស្ត្រមានការអភិវឌ្ឍខ្លាំង បច្ចុប្បន្នកំណាត់ផ្លូវនេះអមដោយឧស្សាហកម្មរោងចក្រ សហគ្រាសតូចៗ និងមធ្យម ទីផ្សារ សាលារៀន និងវត្តអារាម ធ្វើឱ្យមានចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ។ តាមរយៈកំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ នៅថ្ងៃអនាគតតំបន់នេះនឹងក្លាយទៅជាទីប្រជុំជនដ៏ធំមួយ ដែលរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យស្របតាមលក្ខណៈបច្ចេកទេស កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋនិងចក្ខុវិស័យរបស់ខ្លួនជៀសវាងផលវិបាកនានាដែលអាចកើតមាននៅពេលកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងនៅតំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here