ដោយ៖ វុទ្ធី
ក្រុងប៉េកាំង៖ ចិន បានប្រកាសនៅថ្ងៃទី១០ ខែធ្នូថា ខ្លួនបានកំណត់ពន្ធនាំចូលថ្មីលើស្រាក្រហមអូស្រ្តាលី បន្ទាប់ចិនបានចោទប្រកាន់ថា រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមហ៊ុនជាច្រើន ដែលធ្វើឱ្យខូចដល់តម្លៃទំនិញក្នុងស្រុក។
ការប្រកាសយកពន្ធនេះ ត្រូវបានធ្វើឡើង នៅពេលទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តមានភាពតានតឹង បន្ទាប់ពីប្រទេសអូស្រ្តាលី បានអំពាវនាវកាលពីដើមឆ្នាំនេះ ដើម្បីសាកសួរពីប្រភពដើមនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលបានកើតឡើងនៅក្នុងប្រទេសចិន។
ពន្ធប្រឆាំងការឧបត្ថម្ភធនពី ៦,៣ ដល់ ៦,៤ ភាគរយ នឹងចាប់ផ្តើមនៅថ្ងៃសុក្រខាងមុខ។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ការសម្រេចដាក់ពន្ធធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេតមួយបានប្រកាសកាលពីចុងខែសីហា។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា “អាជ្ញាធរស៊ើបអង្កេត បានកំណត់ជាបឋមថា មានការឧបត្ថម្ភធនសម្រាប់ស្រាដែលនាំចូលមកពីប្រទេសអូស្ត្រាលី ហើយឧស្សាហកម្មស្រាក្នុងស្រុករបស់ប្រទេសចិន បានរងការខូចខាតយ៉ាងខ្លាំង”។
ក្រសួងបានត្អូញត្អែរថា អ្នកផលិតស្រាអូស្រ្តាលី ទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដែលផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ជាងក្រុមហ៊ុនចិន។
ប៉ុន្តែរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្រ្តាលី បានហៅវិធានការណ៍កាលពីខែមុនថា ជារឿងអយុត្តិធម៌ទាំងស្រុង មិនមានការអះអាង និងគ្មានហេតុផល។
អ្នកផលិតអូស្រ្តាលី ក៏បានព្រមានថា ពន្ធគយកាលពីខែវិច្ឆិកា ទំនងជាមានន័យថា ទីផ្សារចិនដែលធ្លាប់តែរកប្រាក់ចំណេញ នឹងលែងមានការផ្គត់ផ្គង់។
ក្រុមហ៊ុនផលិតស្រា Treasury Wine Estates ដែលផលិតម៉ាក Penfolds ដែលមានប្រជាប្រិយភាពខ្ពស់ បាននិយាយថា ខ្លួននឹងសំឡឹងមើលទៅទីផ្សាររីកចម្រើនដ៏ទៃទៀត ហើយកាត់បន្ថយការចំណាយនៃការលក់ ព្រោះទីផ្សារមានចំនួនត្រឹមតែ ៣០ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនប៉ុណ្ណោះ៕ AFP






