ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តុលាការពាណិជ្ជកម្មកម្ពុជា ដែលផ្តួចផ្តើមឡើង និងជំរុញបង្កើតឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងជួយដោះស្រាយនូវរាល់បញ្ហានានានៅក្នុងវិស័យពាណិជ្ជកម្មប្រកបដោយតម្លាភាពនោះ អាចនឹងចាប់ដំណើរការនៅក្នុងឆ្នាំ២០២១ខាងមុខនេះ ខណៈពេលដែលសមាសភាពនៃក្រុមអ្នកច្បាប់ និងអង្គចៅក្រមតុលាការមួយនេះត្រូវបានក្រសួងយុត្តិធម៌រៀបចំមន្ត្រីរួចរាល់ហើយនោះ ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ការបង្កើតឱ្យមានតុលាការពាណិជ្ជកម្មនេះគឺក្នុងគោលបំណងចម្បងបំផុតក្នុងការដោះស្រាយនូវរាល់បញ្ហាវិវាទនានាដែលតែងកើតមាន ដែលធានាបាននូវតម្លាភាព ដើម្បីជំរុញ និងបង្កើនភាពទាក់ទាញការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថមនៅកម្ពុជា។
លោកឧកញ៉ាបន្តថា “ដោយសារតែបញ្ហា និងរឿងវិវាទនានាដូចដែលបានលើកឡើងខាងលើនេះ តែងតែកើតមាន បានធ្វើឱ្យប៉ះពាល់ដល់វិស័យពាណិជ្ជកម្ម ជាពិសេសទីផ្សារក្នុងស្រុក ដូច្នេះហើយបានជានៅពេលបច្ចុប្បន្ននេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញ និងស្នើសុំទៅកាន់ក្រសួងយុត្តិធម៌ ក្នុងបង្កើតស្ថាប័នតុលាការពាណិជ្ជកម្ម ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន”។
លោកឧកញ៉ាបានបញ្ជាក់ថា “កាលពីពេលកន្លងទៅនេះ នៅតាមបណ្តាខេត្ត ក្រុង ស្ទើរទូទាំងប្រទេស តែងកើតមានបញ្ហារវាងពាណិជ្ជកម្ម និងស្ថាប័នតុលាការ ទៅលើការដោះស្រាយពាក្យបណ្តឹង ក្នុងការធ្វើពាណិជ្ជកម្មគ្មានតម្លាភាព។ ពេលនេះ ដើម្បីជាដំណោះស្រាយកាន់តែល្អ និងអាចជួយសម្រួលដល់បណ្តាពាណិជ្ជករផងដែរ សភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំដល់ក្រសួងយុត្តិធម៌ក្នុងការរៀបចំ និងបង្កើតឱ្យមានតុលាការពាណិជ្ជកម្ម ដែលរហូតមកដល់ពេលនេះ ក៏ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបង្ហាញពីកិច្ចគាំទ្រផងដែរ។ អ្វីដែលសំខាន់ គឺស្វែងរកទីតាំង ដែលជាបណ្តោះអាសន្នអាចនឹងដាក់ទីតាំងនៅក្នុងសភាពាណិជ្ជកម្ម ហើយអាចនឹងចាប់អនុវត្តនៅឆ្នាំ២០២១ខាងមុខនេះ”៕






